Samsung ​បោះ​ទុន​ជាង ៤​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​​ផ្គត់ផ្គង់​អេក្រង់ OLED ​ដល់ Apple ផលិត iPhone 8​



យោង​តាម​របាយការណ៍​ថ្មី​មួយ អះអាង​ថា ក្រុមហ៊ុន Samsung បាន​ចុះ​ហត្ថលេខា​រួច​ហើយ ទៅ​លើ​ការ​បោះ​ទុន នូវ​ទឹកប្រាក់​ប្រមាណ ៤,៣ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​កញ្ចក់​អេក្រង់​ប្រភេទ OLED ​ដល់ Apple ដើម្បី​ផលិត iPhone 8។ វីដេអូ​បង្ហាញពី​គំរូ iPhone 8 https://youtu.be/e2gpJL5_1KQ កន្លង​មក​ធ្លាប់​មាន​របាយការណ៍​ថា Samsung បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ ក្រុមហ៊ុន Apple ក្នុង​ការ​ផ្គត់ផ្គង់​ OLED display ក្នុង​បរិមាណ​ ១០០លាន​អេក្រង់ សម្រាប់​បំពាក់​លើ iPhone ជំនាន់​ថ្មី។ ចំណែក​របាយការណ៍​ពី​ប្រភព​គួរ​ទុកចិត្ត The Investor និង Sammobile ​ទើប​អះអាង​បន្ថែម​ទៅ​លើ​ចំណុច​នេះ​ផង​ដែរ។

ក្រុមហ៊ុន Apple មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​ប្រើ​អេក្រង់ OLED ដែល​ផលិត​ដោយ​ក្រុមហ៊ុន Samsung ​សម្រាប់​ម៉ូដែល iPhone 8 Plus ​ដែល​មាន​អេក្រង់​ទំហំ ៥,៥អ៊ីញ ហើយ​ជំនាន់ iPhone ថ្មី​ទៅ​មុខ​ទៀត នឹង​ប្ដូរ​ទៅ​ប្រើ​ប្រភេទ​អេក្រង់ OLED នេះ​ទាំង​អស់ ប្រហែល ២-៣ឆ្នាំ​ខាង​មុខ។ សូម​បញ្ជាក់​ថា OLED Display គឺ​ជា​អេក្រង់​ផលិត​ដោយ Samsung និង​កំពុង​ទទួល​បាន​ការ​ពេញ​និយម យក​ទៅ​បំពាក់​លើ​ស្មាតហ្វូន​ទំនើបៗ​បច្ចុប្បន្ន ដែល​មាន​ប្រមាណ ៩៥% នៃ​ស្មាតហ្វូន​សព្វថ្ងៃ ពោល​គឺ​សុទ្ធ​សឹង​ប្រើ OLED ទាំង​អស់។ Apple ត្រូវ​គេ​រំពឹង​ថា នឹង​សម្ពោធ​ចេញ iPhone 8 ផ្លូវការ​នៅ​អំឡុង​ខែ​កញ្ញា ចុង​ឆ្នាំ២០១៧ នេះ អម​មក​ជាមួយ​មុខងារ និង​បច្ចេកវិទ្យា​ទំនើបៗ ជាង​ជំនាន់​មុនៗ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ មាន​របាយការណ៍​ថា iPhone ជំនាន់​ទី១១ នេះ នឹង​មាន​បច្ចេកវិទ្យា​សាកថ្ម​ឥតខ្សែ Wireless Charging ហើយ​អាច​ឈាន​រហូត​ដល់​ការ​បំពាក់​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ដូច Galaxy note 7 ​ថែមទៀត៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ The Investor, Sammobile
X
5s