ខែក្រោយនេះ Apple នឹងរៀបចំព្រឹត្តិការណ៍ប្រកាស iPad Pro ស៊េរីថ្មី, iPhone SE ទំហំ 128GB, ខ្សែនាឡិកា Apple Watch និងជាច្រើនទៀត
យោងតាមរបាយការណ៍ពីគេហទំព័រ Mac Otakara ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុន Apple នឹងប្រារព្ធធ្វើព្រឹត្តិការណ៍បង្ហាញសមិទ្ធផលថ្មីៗរបស់ខ្លួនក្នុងខែមីនាក្រោយនេះ។ សមិទ្ធផលទាំងនោះរួមមាន iPad Pro ជំនាន់ថ្មី, ទូរស័ព្ទ iPhone 5SE ទំហំ 128GB និងឧបករណ៍ជាច្រើនផ្សេងទៀត។ លើសពីនេះ សាធារណជនក៏នឹងអាចឃើញ iPhone 7 និង 7 Plus ពណ៌ថ្មី គឺពណ៌ក្រហម ក៏ដូចជាខ្សែនាឡិកា Apple Watch ចេញថ្មីផងដែរ។
តាមរយៈការអភិវឌ្ឍ iPhone 5SE បំពេញតម្រូវការអ្នកប្រើប្រាស់សព្វថ្ងៃមិនចេញស្មាតហ្វូនកំពូលៗដទៃ ព្រមជាមួយតម្លៃសមរម្យរបស់វា គេជឿថា ទូរស័ព្ទនេះនឹងទទួលបានការពេញនិយមខ្លាំង។ ជម្រើស 128GB គឺធំជាង 16GB និង 64GB ដែលមាននៅលើម៉ូដែលសព្វថ្ងៃ។ ដូច្នេះប្រិយមិត្តដែលនៅស្នេហា iPhone អេក្រង់តូច ៤អ៊ីញអាចនឹងពេញចិត្តជាមួយទំហំថ្មីនេះ។ iPhone SE នេះ ត្រូវគេរំពឹងថា នឹងមានតម្លៃចន្លោះពី ៤៩៩ដុល្លារ ទៅ ៥៤៩ដុល្លារ ខណៈដែល iPhone 8 វិញ បើគ្មាន ១ខ្ទាស់ ($1000) កុំលូកនោះ។
ងាកមក iPad Pro ជំនាន់ថ្មីវិញ ក៏ត្រូវប្រភពដដែលអះអាងថា នឹងបង្ហាញខ្លួនផ្លូវការក្នុងខែក្រោយជាមិនខាន។ iPad Pro ថ្មីនឹងមានទំហំអេក្រង់ខុសពីជំនាន់មុនៗដែលមាន ១០,៥អ៊ីញ ខុសពីម៉ូដែល ៩,៧អ៊ីញ និង ១២,៩អ៊ីញ។ ក្នុងនោះ ក៏ត្រូវគេរំពឹងទៀតថា នឹងមាន iPad Mini 4 បង្ហាញខ្លួនអមជាមួយទំហំអេក្រង់នៅរក្សា ៧,៩អ៊ីញដដែល។
គេហទំព័រ MacRumors បានអះអាងថា iPad ដែលមានអេក្រង់តូច នឹងបំពាក់មកជាមួយ speaker ចំនួន៤ ហើយមានកាមេរ៉ាក្រោយទំហំ 12MP អមជាមួយភ្លើងជំនួយ LED Flash, មាន Smart Connector ចំនួន១, មានអេក្រង់ប្រភេទ True Tone ហើយអាចប្រើជាមួយប៊ិច Apple Pencial បាន។ ចំណែក iPad អេក្រង់ ១០,៥អ៊ីញ នឹងមានលក្ខណៈសម្បត្តិដូចគ្នានឹងម៉ូដែល ៩,៧អ៊ីញ តែអាចខុសគ្នាបន្តិចបន្តួចទៅលើការឌីហ្សាញផ្នែកខាងក្រៅ។ បើតាមចចាមអារ៉ាមកន្លងទៅថា iPad ថ្មី អាចនឹងលែងមានប៊ូតុង Home ទៀតហើយ វាដូចទៅចចាមអារ៉ាមនៅលើ iPhone 8 ដែរ។
ទីបំផុត មានរបាយការណ៍លើកឡើងជុំវិញពណ៌ថ្មីបន្ថែមនៅលើ iPhone 7 និង 7 Plus ហើយ ដែលវាអាចមានពណ៌ក្រហម នឹងត្រូវបង្ហាញចេញក្នុងព្រឹត្តិការណ៍ខែមីនាក្រោយនេះ។ ហើយខ្សែនាឡិកា Apple Watch ស៊េរីថ្មីៗក៏នឹងចេញដំណាលគ្នាផងដែរ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Mac Otakara