Samsung ចេញមុខអះអាងថា មិនមានគម្រោងលក់ Note 7 ជួសជុលឡើងវិញនៅឥណ្ឌាដូចចចាមអារ៉ាមម្សិលមិញទេ
បន្ទាប់ពីមានព័ត៌មានមកថា Samsung នឹងចេញលក់ Galaxy Note 7 ដែលជួសជុលឡើងវិញនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម ចំណែកពេលនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ បានចេញមកបំភ្លឺទៅនឹងចចាមអារ៉ាមនេះហើយ។ Samsung ប្រចាំប្រទេសឥណ្ឌា បានឱ្យដឹងថា ក្រុមហ៊ុនគ្មានគម្រោងចេញលក់ Note 7 ជួសជុលឡើងវិញនៅលើទីផ្សារឥណ្ឌានោះទេ ប៉ុន្តែក៏មិនបាននិយាយពាក់ព័ន្ធទីផ្សារវៀតណាមដែរ។
ក្រុមហ៊ុន Samsung ប្រចាំនៅឥណ្ឌាបានឆ្លើយបំភ្លឺថា ៖ “របាយការណ៍ដែលថា ក្រុមហ៊ុន Samsung ត្រៀមចេញលក់ Galaxy Note 7 ជួសជុលឡើងវិញនៅឥណ្ឌា គឺមិនពិតទេ”។ ចចាមអារ៉ាមថ្មីៗនេះបានលើកឡើងថា Samsung អាចនឹងចេញលក់ Note 7 ជាមួយកម្រិតថ្មតូចជាងមុនពោលគឺចន្លោះពី 3000mAh ទៅ 3200mAh ខណៈដែលកម្រិតថ្មធម្មតាគឺ 3500mAh ហើយក៏អាចត្រូវបានផលិតឡើងដោយប្រើសំបកថ្មីផងដែរ។
ស្ដាប់មើលទៅ Samsung ទំនងពិតជាគ្មានគម្រោងលក់ Note 7 ជួសជុលឡើងវិញនៅទីផ្សារឥណ្ឌាមែន ប៉ុន្តែគេមិនប្រាកដថា ទៅថ្ងៃមុខក្រុមហ៊ុនអាចប្ដូរចិត្តឬយ៉ាងណាទេ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ NDTV