ហេតុអ្វីអ្នកគួររៀនផ្នែកចិត្តសាស្ត្រ ?​



មុខវិជ្ជា​ចិត្តសាស្ត្រ​ហាក់​បី​ដូចជា​មុខវិជ្ជា​មួយ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សិស្ស និស្សិត​ភាគច្រើន​នោះ​ទេ ក៏​ព្រោះ​តែ​ជំនាញ​នេះ​មិន​សូវ​ត្រូវ​បាន​គេ​ទាមទារ​ក្នុង​លក្ខខណ្ឌ​ជ្រើសរើស​ការងារ​តាម​ស្ថាប័ន​ការងារ​ធំៗ។ យ៉ាងណាមិញ នៅ​ពេល​អ្នក​មាន​បញ្ហា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដំណើរ​ជីវិត​មិន​ប្រព្រឹត្ត​ទៅ​រលូន​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត រួម​នឹង​បញ្ហា​ចោទ​ឡើង​ជា​ច្រើន​ផ្សេង​ទៀត ដែល​មក​រារាំង​ភាព​សុខដុមរមនា​នៃ​ផ្នែក​មួយ​ចំនួន​ក្នុង​ជីវិត​អ្នក នោះ​ការ​យល់ដឹង​ពី​ចិត្តសាស្ត្រ​នឹង​ក្លាយ​ជា​ចំណេះដឹង​ដ៏​សំខាន់​បំផុត ជា​អ្វី​ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ពួកគេ។ ចិត្ត​គំនិត ឬ​ការ​គិត​របស់​មនុស្ស​គឺជា​អ្វីៗ​គ្រប់​យ៉ាង​ដែល​បង្កើត​ជា​តថភាព​ពិត​នៃ​ជីវិត​របស់​យើង​ម្នាក់ៗ។ ការ​គិត​ជា​អ្នក​បង្គាប់បញ្ជា​ទៅលើ​ទង្វើ និង​សកម្មភាព​របស់​អ្នក ដូច្នេះ​អ្នក​គិត​បែប​ណា អ្នក​ក៏​នឹង​ទទួល​ផល​បែប​នោះ​ដែរ។ តើ​មាន​មូលហេតុ​សំខាន់ៗ​អ្វី​ខ្លះ ដែល​គាំទ្រ​នឹង​គំនិត​ថា​អ្នក​គួរ​តែ​សិក្សា​ពី​ចិត្តសាស្ត្រ ?

១) ចិត្តសាស្ត្រ​ជួយ​អ្នក​ឲ្យ​យល់​ពី​ខ្លួនឯង​និង​អ្នកដទៃ​កាន់តែ​ប្រសើរ​ជាង​មុន៖ ការ​សិក្សា​ពី​ចិត្តសាស្ត្រ គឺជា​ដំណើរការណ៍​ស្វែងយល់​អំពី​ថា តើ​ការ​គិត​របស់​អ្នក​បង្កើត​ឡើង​យ៉ាង​ដូចម្ដេច ? តើ​កត្តា​អ្វី​ខ្លះ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ការ​គិត​របស់​អ្នក ? ហេតុអ្វី​អ្នក​ស្ដែង​ចេញ​នូវ​ទង្វើ​បែប​ណាមួយ​មក ? ការ​សិក្សា​ពី​ចិត្តសាស្ត្រ​ប្រៀប​ដូចជា​ការ​ធ្វើ​ដំណើរ​រុករក​នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស ជា​ដើមហេតុ​ដែល​បង្ក​ឲ្យ​មាន​តថភាព​របស់​មនុស្ស​ម្នាក់​ឡើង។ នៅ​ពេល​អ្នក​មាន​ការ​យល់ដឹង​ពី​រឿងរ៉ាវ​ទាំងនេះ​ហើយ អ្នក​នឹង​ដឹង​ថា​ត្រូវ​ចាប់ផ្ដើម​ពី​ចំណុច​ណា ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​របស់​អ្នក ក៏​ដូចជា​ទំនាក់ទំនង​អ្នក​ជាមួយ​អ្នកដទៃ​ផង​ដែរ។

២) សមត្ថភាព​ក្នុង​ការ​រិះគិត​វិភាគ​របស់​អ្នក​នឹង​មាន​កម្រិត​ខ្ពស់​ជាង​មុន៖ ដំណើរការណ៍​នៃ​ការ​សិក្សា​ពី​ចិត្តសាស្ត្រ នឹង​នាំ​អ្នក​ទៅ​ស្វែងយល់​អំពី​ការ​សម្រេចចិត្ត និង​ការ​ដោះស្រាយ​បញ្ហា ដែល​សុទ្ធតែ​ជា​ការ​ហ្វឹកហាត់​បណ្ដុះ​សមត្ថភាព​ខួរក្បាល​របស់​អ្នក​ឲ្យ​កាន់តែ​ខ្ពស់​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​ជីវិត ក៏​ព្រោះ​តែ​អ្នក​ដឹង​ថា​អ្វី​ជា​ឫសគល់​បង្ក​ជា​បញ្ហា​ណាមួយ​ពិត​ប្រាកដ។

៣) ចំណេះដឹង​ពី​ចិត្តសាស្ត្រ​នឹង​ភ្ជាប់​ការ​យល់ដឹង​របស់​អ្នក​ចំពោះ​ជំងឺ​ផ្លូវចិត្ត៖ បើ​ទោះ​ជា​អ្នក​មិនមែន​សិក្សា​ចិត្តសាស្ត្រ​ក្នុង​គោលបំណង​ក្លាយ​ជា​អ្នក​អាជីព​ព្យាបាល​ជំងឺ​តាម​ផ្លូវ​ចិត្ត​ក៏​ដោយ ក៏​អ្នក​អាច​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​សិក្សា​អំពី​ចិត្តសាស្ត្រ ទៅ​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ទាក់ទង​នឹង​ជំងឺ​ផ្លូវចិត្ត។ មិនតែប៉ុណ្ណោះ នៅ​ពេល​អ្នក​ដឹង​ថា​ការ​គិត​របស់​អ្នក​គឺជា​គ្រាប់​ពូជ​បណ្ដុះ​នូវ​ទង្វើ​របស់​អ្នក​ឡើង អ្នក​ក៏​នឹង​អាច​ដឹង​ពី​វិធី​ក្នុង​ការ​បំបាត់​ភាព​តានតឹង​ទាំងឡាយ​ជា​លទ្ធផល​មក​ពី​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត និង​បន្ថែម​នូវ​សោភណភាព​ចូល​មក​ក្នុង​ជីវិត​វិញ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.verywell.com

X
5s