អ្នកជំនាញមានសុទិដ្ឋិនិយមចំពោះទីផ្សារការិយាល័យក្នុងឆ្នាំ២០១៧​



អគារ Exchange Square អភិវឌ្ឍន៍ដោយក្រុមហ៊ុន Hong Kong Land ដែលជាអគារការិយាល័យប្រភេទ A ថ្មីនឹងត្រូវបានសម្ពោធក្នុងទីក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរអ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា តម្រូវការទីផ្សារការិយាល័យនឹងកើនឡើងក្នុងឆ្នាំ២០១៧នេះ។ កញ្ញា អាន សុធីតា អគ្គនាយករបស់ក្រុមហ៊ុន CBRE Cambodia និងភ្នាក់ងារជួលសម្រាប់អគារ Exchange Square បាននិយាយថាអគារការិយាល័យដែលមានកម្ពស់២០ជាន់នឹងបើកសម្ពោធជាផ្លូវការនៅដើមត្រីមាសទី១ក្នុងឆ្នាំ២០១៧នេះ។ អគារ នេះត្រូវបានបែងចែកជា២ផ្នែកទី១មាន៤ជាន់សម្រាប់ហាងលក់រាយនិងហាងលក់ទំនិញ។ អគារការិយាល័យមានទំហំសរុប១៨,០០០ម៉ែត្រការ៉េ។ កញ្ញាបាននិយាយបន្តថា “ក្រុមហ៊ុនដែលបានអភិវឌ្ឍន៍ផែនការនេះគឺជាក្រុមហ៊ុនជំនាញមួយ និងមានភាពជោគជ័យក្នុងវិស័យនេះរួចមកហើយ ដូច្នេះគឺមិនមានការព្រួយបារម្ភអំពីការប្រកួតប្រជែងឡើយ។” កញ្ញាបានបន្ថែមទៀតថា“គម្រោងស្ថិតនៅទីតាំងល្អពីព្រោះវាស្ថិតនៅជិតទាំងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។” អគារការិយាល័យ និងហាងលក់ទំនិញនៃអគារ Exchange Square មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ កញ្ញាបាននិយាយថា រហូតមកដល់បច្ចុប្បន្នអគារត្រូវបានកក់អស់ប្រមាណ៦០%រួមមានហាងទំនិញ និងការិយាល័យ។ កញ្ញាបានបន្តថា “ទីផ្សារនៃអគារនឹងមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០១៧ ដោយសារមានអាជីវកម្មធំៗការពង្រីកទីផ្សារ និងវិនិយោគិនអន្តរជាតិកំពុងឈានចូលក្នុងប្រទេសកម្ពុជា។ លោក ភិន ភារុន នាយគ្គគ្រប់គ្រងទូទៅរបស់អគារកាណាឌីយ៉ាបាននិយាយថាតម្រូវការអគារការិយាល័យក្នុងចុងឆ្នាំនេះហាក់បីដូចជាមានតិចតួចបើធៀបទៅកាលពីដើមឆ្នាំ។ ក៏ប៉ុន្តែរហូតមកដល់់ពេលនេះ តម្រូវការការិយាល័យត្រូវបានគេមើលឃើញថាមានការកើនឡើង១០%បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ លោកនៅតែមានសុទដ្ឋិនិយមថាក្នុងឆ្នាំតម្រូវការអគារការិយាល័យនឹងកើនឡើងខ្ពស់ដូចដែលលោកបានឃើញមានវិនិយោគិនចិនជាច្រើនបានចូលមកវិនិយោគក្នុងទីផ្សារកម្ពុជា។ លោក​ ភារុន បាននិយាយថា “ចំពោះអគារការិយាល័យកាណាឌីយ៉ាមានការិយាល័យសរុបប្រហែល១៧,០០០ ម៉ែត្រការ៉េហើយអត្រាជួលកន្លងមកនេះមានប្រហែល៩០%។ ការិយាល័យក្នុងអគារកាណាឌីយ៉ាគឺគិតចាប់​ពីជាន់ទី១៦ទៅជាន់ទី២៧និងជាន់មួយចំនួនទៀតនៅផ្នែកខាងក្រោម។” លោកបាននិយាយថា ការិយាល័យនេះត្រូវបានជួលក្នុងតម្លៃ២៥ ដុល្លារបូកនឹងតម្លៃសេវាកម្មគ្រប់គ្រង៥ដុល្លារក្នុងមួយម៉ែត្រ ការ៉េ។ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ VTRUST PROPERTY Co, Ltd លោក ហុក ម៉េងហ៊ាង បាននិយាយថាតម្រូវការការិយាយល័យក្នុងឆ្នាំនេះត្រូវបានគេមើលឃើញថាពិតជាមានការកើនឡើងយឺតបើធៀបទៅដើមឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែកន្លងមកនេះ តម្រូវការអគារការិយាល័យក្នុងអគារ VTRUST TOWER ត្រូវបានគេមើលឃើញថាបាន កើនឡើងប្រហែល១៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ លោកបានបន្ថែមថាអគារ VTRUST TOWER មានកម្ពស់១៥ជាន់ ហើយមានទំហំសរុបប្រមាណ១៨,០០០ម៉ែត្រការ៉េហើយមានតម្លៃចាប់ពី១៦ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េបូកនឹងតម្លៃសេវាគ្រប់គ្រង៤ដុល្លារ ឬច្រើនជាងនេះ។ លោកបាននិយាយទៀតថា​ “សម្រាប់ឆ្នាំ២០១៧លោកមានសុទិដ្ឋិនិយមអំពីតម្រូវការអគារការិយាល័យហើយខ្ញុំរំពឹងថាអត្រាជួលនឹងកើនឡើងដល់៩០%។” ព័ត៌មាន​លម្អិត​សូម​អាន realestate.com.kh
X
5s