ZTE ប្រកាសស្មាតហ្វូនថ្មី ២ម៉ូដែលត្រកូល Blade V8 មានកាមេរ៉ាភ្លោះ (dual camera) នៅ MWC 2017
ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទចិន ZTE ទើបប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនៅក្នុងសមាជ MWC 2017 ចំនួន ២ម៉ូដែលគឺ Blade V8 mini និង Blade V8 Lite។ ចំណុចពិសេសនៅលើស្មាតហ្វូនថ្មីទាំងពីរ គឺត្រូវបានបំពាក់កាមេរ៉ាភ្លោះ និងទ្រនាប់ស្កេនក្រយៅដៃនៅផ្នែកខាងក្រោយ។
ZTE Blade V8 Mini
ម៉ូដែល Blade V8 Mini ត្រូវបានផលិតសម្រិតសម្រាំងសម្រាប់អតិថិជនគោលដៅដែលស្រឡាញ់ការថតរូប ព្រោះបំពាក់ដោយកាមេរ៉ាក្រោយចំនួន២។ កាមេរ៉ាក្រោយមានទំហំ 13MP ជាកាមេរ៉ាគោល និងមួយទៀតទំហំ 2MP ជាមួយកម្រិតថត f/1.0-f/8.0។ ចំណែកកាមេរ៉ាមុខទូរស័ព្ទនេះ មានទំហំ 5MP។ អេក្រង់របស់ Blade V8 Mini មានទំហំ ៥អ៊ីញកម្រិត 720p ហើយបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 435 (28nm, 8x1.4GHz Cortex-A53 CPU, Adreno 505GPU), មាន RAM 2GB, Memory ទំហំ 16GB និងអាចបន្ថែម microSD បាន។ ថ្មរបស់វាមានកម្រិត 2800mAh ដើរដោយ Android Nougat។ Blade V8 Mini នឹងមានលក់លើទីផ្សារអាស៊ីប៉ាស៊ីភិច និងអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែមិនទាន់បានបញ្ជាក់ពីតម្លៃនៅឡើយ។
ZTE Blade V8 Lite
ងាកមកមើល Blade V8 Lite វិញ គឺជាស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ ZTE ទើបប្រកាសចេញនៅ MWC 2017 នេះ។ ម៉ូដែល V8 Lite ជាស្មាតហ្វូនធុនមធ្យម មិនមានកាមេរ៉ាភ្លោះដូច V8 Mini នោះទេ។ វាមានអេក្រង់ទំហំ ៥អ៊ីញកម្រិត 720p ហើយបំពាក់ដោយបន្ទះឈីប MT6750, មាន RAM 2GB និង Memory ម៉ាស៊ីនទំហំ 16GB អាចបន្ថែម microSD បាន។ កាមេរ៉ាមួយគ្រាប់ស្ថិតនៅខ្នងទូរស័ព្ទមានទំហំ 8MP (យ៉ាងហោចក៏មាន autofocus ដែរ), រីឯកាមេរ៉ាមុខទំហំ 5MP, ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 និងមានកម្រិតថ្ម 2500mAh។ Blade V8 Lite នឹងមានលក់នៅលើទីផ្សារអ៊ីតាលី អាល្លឺម៉ង់ និងអេស្ប៉ាញក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែមិនត្រូវបានបញ្ជាក់តម្លៃនៅឡើយ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena