គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ ចំនួន ៥៣៤០​ខ្នង ​ស្ថិត​តាម​ផ្លូវជាតិលេខ៥​ ​ចម្ងាយ​​២១​គីឡូម៉ែត្រ​ពី​ភ្នំពេញ​



កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ ​២០១៧ កន្លងទៅនេះក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្ម និង​សំណង់បាន​រៀចំ​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាងអគ្គ​នាយក​ដ្ឋាន​លំ​នៅ​ដ្ឋាន​នៃ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់។ អនុស្សរណៈ​យោគ​យល់គ្នានេះធ្វើលើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ន៍គម្រោង​លំនៅដ្ឋានមាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋទូទៅដែល​មាន​ប្រាក់ចំណូល​ទាបនិង​​មធ្យម និង​ជនងាយ​រងគ្រោះនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងត្រូវទទួលខុសត្រូវក្នុងការចាត់ចែង រៀបចំ និងចាប់ផ្តើម ដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យនេះនៅថ្ងៃទី១ ខែ​ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។ ហើយនេះក៏ជាគម្រោងតម្លៃសមរម្យលើ​កទីមួយរបស់ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប មានបទពិសោធន៍ក្នុងការសាងសង់ជាច្រើនឆ្នាំនិងបានបញ្ចប់គម្រោងជាច្រើននៅកម្ពុជាដូចជា៖ Toul Kork Warehouse, គម្រោង Town Houses- Mekong,​ គម្រោង Mekong View Tower និងមានគម្រោងផ្សេងៗទៀត។ គម្រោងលំនៅដ្ឋាននេះមានចំនួនសរុប ៥៣៤០​ខ្នង ដែលចែកចេញជា ពីរទំហំផ្សេងគ្នាគឺ ប្រភេទ​លំនៅដ្ឋាន​ទំហំ​ ៥,១ម x ១៣ ម ចំនួន៨៦៤ខ្នង និង​ប្រភេទ​លំនៅដ្ឋាន ៥,១ ម x៧,២ ម ចំនួន ៤៤៧៦ខ្នង។ រីឯគម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយដែលមានចម្ងាយ១៧គីឡូម៉ែត្រពីក្រុងភ្នំពេញ បានបើកដំណើរការការដ្ឋានសាង សង់របស់ខ្លួន កាលពីថ្ងៃទី​៧​ ខែមករា ឆ្នាំ ២០១៧​កន្លងទៅ។ គម្រោងនេះបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ២០​ហិចតា។ ក្នុងនោះផ្ទៃដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅមានទំហំ១០​ហិចតា ហើយដីសម្រាប់សាងសង់ជាផ្លូវថ្នល់ និងសួនកំសាន្តមានទំហំជាង ៧ហិចតា។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយនេះត្រូវសាងសង់ឡើងចំនួន២,៤០០ខ្នងសម្រាប់អ្នកមានប្រាក់ណូលទាប និងមធ្យម ចាប់ពី២៥០​ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។ ហើយតម្លៃផ្ទះក្នុងមួយខ្នងអាចមានតម្លៃចាប់ពី២០,០០០ដុល្លារ ទៅដល់ ២៥,០០០ ដុល្លារ។ សូមរំលឹកផងដែរថាចំណែកឯគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យថ្មីចុងក្រោយនេះមិនទាន់បានបញ្ជាក់អំពីតម្លៃលក់ជា សាធារណៈនៅឡើយទេ។ សរុបសេចក្តីមក​ទាំងគម្រោងលំនៅដ្ឋានតម្លៃមធ្យមលើកទីមួយ​​ និងគម្រោងថ្មីនេះ គឺមានគោលបំណងក្នុងការផ្តល់លំនៅដ្ឋានសមរម្យមួយសម្រាប់ពលរដ្ឋកម្ពុជាពិសេសអ្នកដែលមានកម្រិតជី​វ ភាពមធ្យម​៕ ផ្ដល់​សិទ្ធិ៖ realestate.com.kh
X
5s