វីដេអូនារី ២៧ឆ្នាំម្នាក់ លំអិតលើករណីឆេះខ្លោច Galaxy S7 ក្នុងរថយន្តទាំងមិនបានដោតសាកថ្មផងនោះ
នារី ២៧ឆ្នាំម្នាក់នៅសាកលវិទ្យាល័យ Old Dominion សហរដ្ឋអាមេរិក ដែលមានឈ្មោះ Shaunique Lamp បាននិយាយថា ទូរស័ព្ទ Galaxy S7 របស់នាង បានឆេះខូច ខណៈអ្នកកំពុងបើកបររថយន្ត ដោយដាក់ទូរស័ព្ទក្នុងឃ្លុបកំប៉ុង (Cup Holder)។ វាពុំមែនជារឿងធម្មតានោះទេ ព្រោះពេលនាងកំពុងបើកបរ ទូរស័ព្ទនាងក៏កំពុងឆេះហុយផ្សែងនោះ។
https://youtu.be/C7BMjvGv3CY
នាង Lamp បាននិយាយថា នៅពេលកើតមានករណីឆេះចេញផ្សែងពី Galaxy S7 នាងមិនបានដោតសាកថ្មទូរស័ព្ទនោះទេ ប៉ុន្តែនៅខណៈពេលកំពុងធ្វើការផ្ទេរទិន្នន័យតាម Bluetooth ព្រោះដើម្បីអាចស្ដាប់ចម្រៀងក្នុងរថយន្តបាន។ ឧប្បត្តិហេតុនេះ កើតឡើងកាលពីថ្ងៃ២៣ ខែកុម្ភៈ ហើយ Lamp អាចគេចផុតពីការរបួសក្នុងករណីឆេះទូរស័ព្ទ Galaxy S7 ប៉ុន្តែនាងមិនអាចគេចផុតពីការខាតបង់ផ្នែកទ្រព្យសម្បត្តិនោះឡើយ។ នាងបានយកទូរស័ព្ទត្រឡប់ទៅហាង Sprint ដែលនាងបានទិញ។ ខាងក្រុមហ៊ុន Sprint យល់ព្រមផ្លាស់ប្ដូរថ្មី ប៉ុន្តែតម្រូវឱ្យនាងបន្ថែមប្រាក់ ២០០ដុល្លារ។
Lamp បាននិយាយថា នាងក៏ចង់ទាក់ទងផ្ទាល់ទៅ ខាងក្រុមហ៊ុន Samsung ប៉ុន្តែខ្លាចថា ខាងផ្នែកផលិតរបស់ក្រុមហ៊ុន មិនព្រមយកការខូចខាតនេះទេ។ ក្រុមហ៊ុន Samsung បានចេញសេចក្ដីថ្លែងការណ៍មួយថា ករណីនេះ គឺចាំបាច់ត្រូវមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវបំផុតទៅលើផ្នែករូបធាតុ (Physically examine) ដើម្បីអាចដឹងថា តើមូលហេតុកើតចេញករណីឆេះខ្លោច Galaxy S7 គឺបណ្ដាលមកពីអ្វីឱ្យប្រាកដ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena