Chevrolet ក្លាយជាក្រុមហ៊ុនរថយន្តដំបូងគេដែលបំពាក់អ៊ីនធឺណិត 4G LTE លើរថយន្តខ្លួន!
បច្ចេកវិទ្យាសព្វថ្ងៃពិតជាមានការអភិវឌ្ឍឥតឈប់ឈរ ពិសេសគឺទៅលើបច្ចេកវិទ្យាអនឡាញតែម្ដង។ អ៊ីនធឺណិត ស្ទើរមានគ្រប់ទីកន្លែង ពិសេសគឺនៅតំបន់អភិវឌ្ឍ ឬក្នុងទីក្រុងតែម្ដង។ មិនថា ហាងតាមផ្ទះ ហាងកាហ្វេ ភោជនីយដ្ឋាន ចំណតរថយន្ត យានដ្ឋាន ឬសូម្បីតែកន្លែងលក់ទឹកអំពៅនោះទេ គឺសុទ្ធតែ-ត អ៊ីនធឺណិតពីក្រុមហ៊ុន សម្រាប់ផ្ដល់ហ្វ្រី Wi-Fi ចែកជូនអតិថិជនរបស់គេ។ ហើយអ្វីដែលពិសេសលើសនេះទៀតនោះ គឺក្រុមហ៊ុនរថយន្ត Chevrolet ទើបបានប្រកាសខ្លួនថា នឹងបំពាក់អ៊ីនធឺណិតកម្រិត 4G LTE នៅលើរថយន្តរបស់ខ្លួនថែមទៀត។
Chevrolet នឹងជាក្រុមហ៊ុនរថយន្តដំបូងគេ ដែលបំពាក់អ៊ីនធឺណិត 4G LTE ក្នុងរថយន្តរបស់ខ្លួន។ ដូច្នេះសេរីភាពភ្ជាប់ប្រើអ៊ីនធឺណិតនឹងកាន់តែធំទូលាយ ព្រោះរថយន្តរបស់អ្នកនឹងក្លាយជាដុំ Wi-Fi Router សម្រាប់ចែកចាយអ៊ីនធឺណិតដល់អ្នកជិះក្នុងរថយន្តងាយស្រួលភ្ជាប់ប្រើ ទោះបីពេលកំពុងបើកបរក៏ដោយ។
ចាប់ពីថ្ងៃ៣ មីនាតទៅ ក្រុមហ៊ុនរថយន្តអាមេរិកនេះ នឹងចាប់ផ្ដើមអភិវឌ្ឍ ដោយបញ្ចូលសេវា 4G LTE នៅលើរថយន្តរបស់ខ្លួន ដោយការប្រើសេវាកម្ម OnStar 4G LTE Wi-Fi hotspot របស់ក្រុមហ៊ុន AT&T ដែលតម្រូវឱ្យអតិថិជនបង់ថ្លៃសម្រាប់ការប្រើប្រាស់ ២០ដុល្លារ/ខែ។ តម្លៃគឺអាស្រ័យទៅតាមទំហំទិន្នន័យដែលមានដូចជា៖ $10 សម្រាប់ទំហំ 1GB, $20 សម្រាប់ទំហំ 4GB និង $40 សម្រាប់ទំហំ 10GB
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot