Nokia 3310 ចេញនៅ MWC តម្លៃមិនដល់ $100 ផង ចុះម៉េច 3310 នេះតម្លៃដល់ $1700?
ការចាប់កំណើតសាជាថ្មីនូវទូរស័ព្ទ Nokia 3310 ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងបំផុតអំឡុងពេលមិនទាន់មានស្មាតហ្វូនទំនើបនៅលើទីផ្សារ កាលពីទសវត្សឆ្នាំ២០០០ នោះ វាពិតជាធ្វើឱ្យសាធារណជន រំភើបជាមួយម៉ូដែលនេះ។ ក្នុងសមាជ MWC 2017 ក្រុមហ៊ុនដៃគូសហការរបស់ Nokia គឺ HMD បានសម្ពោធចេញ Nokia 3310 ស៊េរីឆ្នាំ២០១៧ ដោយមានការផ្លាស់ប្ដូរថ្មីជាច្រើន ទាំងអេក្រង់កូល័រ មានកាមេរ៉ាថតរូប និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការទំនើបជាងមុនគឺ Noika Series 30+។ តម្លៃ Nokia 3310 នេះប្រហែល ៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ Nokia 3310 នេះខាងលើវិញ គឺមានតម្លៃរហូតដល់ ១៧០០ដុល្លារ។ ហេតុអ្វី Nokia 3310 នេះមានតម្លៃខ្ទង់ពាន់ដុល្លារដូច្នេះ?
Nokia 3310 បើមើលពីលក្ខណៈសម្បត្តិ Hardware និង Software វាគ្រាន់តែជាទូរស័ព្ទធម្មតាប៉ុណ្ណោះ ពោលពុំមែនជាទូរស័ព្ទទំនើបប្រភេទស្មាតហ្វូននោះទេ។ ម្ល៉ោះហើយទើបតម្លៃរបស់វា ត្រឹមតែក្រោម ១០០ដុល្លារប៉ុណ្ណោះ។ ចំណែក Nokia 3310 ខាងលើវិញ គឺមានតម្លៃដល់ទៅ ១៧០០ដុល្លារអាមេរិក។ Nokia 3310 មានតម្លៃថ្លៃដូចនេះ គឺដោយសារសារធាតុស្រោបលើសំបករបស់វាតែម្ដង ដែលត្រូវបានស្រោបដោយសារធាតុមានតម្លៃ គឺ មាស និងទីតាញ៉ូម។ ឈ្មោះពេញក្រោយពេលឌីហ្សាញថ្មីលើ Nokia ពាន់ដុល្លារនេះ គឺ Caviar Nokia 3310 Supremo Putin ដែលមានរូបប្រធានាធិបតីរុស្ស៊ីលោកពូទីន។
Nokia 3310 ធម្មតា
https://youtu.be/3hlhjGMWpYg Caviar គឺជាក្រុមហ៊ុនរុស្ស៊ីមួយដែលមានជំនាញខាងកែច្នៃផលិតផល ដោយការបំពាក់នូវគ្រោងលំអ និងមានតម្លៃថ្លៃៗ ជាក់ស្ដែង Nokia 3310 នេះ ត្រូវបានក្រុមហ៊ុនស្រោបមាស និងសារធាតុទីតាញ៉ូមទៅលើសំបកទូរស័ព្ទ។ ជាក់ស្ដែងរូបលោកពូទីន ស្ថិតនៅខ្នងទូរស័ព្ទ គឺត្រូវបានផលិតពីមាស។ ក្រោយឌីហ្សាញថ្មីរួច Nokia 3310 នេះ មានតម្លៃ ៩៩០០០ លុយរុស្ស៊ី ដែលស្មើនឹងប្រហែល ១៧០០ដុល្លារអាមេរិក៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena