អស្ចារ្យណាស់ ស្មាតហ្វូន VR ដំបូងគេលើលោក បង្ហាញខ្លួននៅពិព័រណ៍ចិន China Hi-Tech Fair បំពាក់កាមេរ៉ាទំនើប 360ដឺក្រេ! (Video)
មួយឆ្នាំៗ ស្មាតហ្វូនយ៉ាងច្រើនគ្រឿង ត្រូវបានបញ្ចេញលក់នៅលើទីផ្សារ អមដោយលក្ខណៈសម្បត្តិកាន់តែពិសេសជាងមុន និងមានការឌីហ្សាញម៉ូតស្អាតៗដើម្បីទាក់ទាញអតិថិជនចង់ទិញប្រើ។ ស្មាតហ្វូនក្រៅពីមានរចនាបថស្អាតទាន់សម័យហើយនោះ ក្រុមហ៊ុនមួយចំនួន ថែមទាំងបានយកទូរស័ព្ទទាំងនោះមកកែច្នៃបន្ថែមសារធាតុមានតម្លៃផ្សេងៗ ដើម្បីបន្ថែមប្រណីតភាព និងបាញ់គោលដៅដល់អ្នកប្រើប្រាស់ថ្នាក់ខ្ពស់ ឬអ្នកមានទ្រព្យច្រើន។ ជាក់ស្ដែង ស្មាតហ្វូនមួយគ្រឿងនេះ គឺត្រូវបានគេដាំពេជ្រ និងមានកាមេរ៉ាអាចបង្វិលបានដល់ ៣៦០ដឺក្រេ គឺពិតជាពិសេសមែន។ វាមានឈ្មោះថា Darling ជាសមិទ្ធផលថ្មីរបស់ ProTruly។
https://youtu.be/UVT9H6OCt9o
Darling គឺបង្ហាញខ្លួន ក្លាយជាស្មាតហ្វូនដំបូងគេដែលបំពាក់ដោយកាមេរ៉ាពិសេស អាចបង្វិលបានមុំ ៣៦០ដឺក្រេ។ នេះមានន័យថា កាមេរ៉ាតែមួយ គឺអាចប្រើធ្វើជាកាមេរ៉ាមុខក៏បាន កាមេរ៉ាក្រោយក៏បាន ដែលអាចថតរូប និងវីដេអូតាមទិសដៅចង់បាន។ ស្មាតហ្វូន Darling ម៉ូដែលស្តង់ដារមានតម្លៃចាប់ពី ៦០០ដុល្លារ។ ម៉ូដែលស៊េរីខ្ពស់ជាងនេះ តម្លៃអាចដល់ ១៣០០ដុល្លារ។ នេះបើផ្អែកតាមការគេហទំព័រ theverge ខណៈគេហទំព័រ mashable អះអាងថាតម្លៃរបស់ Darling គឺនៅចន្លោះ ៥០០ដុល្លារ ទៅ ៨០០ដុល្លារ។
ផ្អែកតាម Mashable ឱ្យដឹងថា Darling ទាំងពីរម៉ូដែលគឺមានលក្ខណៈសម្បត្តិដូចគ្នាទៅលើ៖ អេក្រង់ទំហំ ៥,៥អ៊ីញ កម្រិត 1080p, បំពាក់អង្គប្រតិបត្តិប្រភេទ MediaTek, RAM 4GB, Memory ទំហំ 64GB កាមេរ៉ា 13MP ទាំងមុខទាំងក្រោយ និងមានកម្រិតថាមពលថ្ម3560mAh។ ស្មាតហ្វូនប្រណិតនេះ មានរន្ធ USB-C និងដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android Marshmallow ហើយក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃនៅផ្នែកខាងក្រោយ មិនចាញ់ស្មាតហ្វូនល្បីៗបច្ចុប្បន្ននោះទេ។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge