គេថា ឆ្នាំនេះ Apple ត្រៀម iPhone 8 ដល់ទៅ ៣ម៉ូដែល ក្នុងនោះនឹងលើសម៉ូដែលមានទំហំអេក្រង់ថ្មីគឺ ៥,៨អ៊ីញក្រាលដោយ OLED display
នៅឆ្នាំនេះ ក្រុមហ៊ុន Apple ត្រូវសាធារណជនរំពឹងថា នឹងសម្ពោធទូរស័ព្ទទំនើប iPhone 8 ម្ដង ៣ម៉ូដែល ដោយសារក្រុមហ៊ុនបន្ថែមជម្រើសប្រភេទអេក្រង់ថ្មី OLED។ ម៉ូដែលថ្មីខុសគ្នាមួយក្នុងចំណោម ៣ម៉ូដែល គឺនឹងមានទំហំអេក្រង់ ៥,៨អ៊ីញ ដែលនឹងប្រើអេក្រង់ OLED ផលិតដោយក្រុមហ៊ុន Samsung។
របាយការណ៍ថ្មីមួយឱ្យដឹងថា iPhone 8 Plus ដែលភ្ជាប់អេក្រង់ OLED display នឹងមិនបង្ហាញខ្លួនជាមួយទំហំអេក្រង់ ៥,៥អ៊ីញដូចចចាមអារ៉ាមមុនៗលើកឡើងនោះទេ ពោលគឺវាមានទំហំធំជាងនេះ ៥,៨អ៊ីញ។ ចំណែក iPhone 8 ពីរម៉ូដែលផ្សេងទៀត នឹងមានប្រភេទអេក្រង់ LCD ហើយទាំងបីម៉ូដែល គឺនឹងត្រូវសម្ពោធចេញជាមួយរូបរាងឌីហ្សាញថ្មីប្លែក អាចស្រោបដោយស៊ុមដែកអ៊ីណុក ហើយខ្នងទូរស័ព្ទនឹងក្រាលដោយកញ្ចក់ប្លែកពីស៊េរី iPhone 5, 6 និង 7 បច្ចុប្បន្ន។
iPhone ស៊េរីក្រោយនេះ នឹងបំពាក់មកជាមួយអង្គប្រតិបត្តិជំនាន់ថ្មីរបស់ Apple ហើយក៏នឹងដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ iOS ជំនាន់ថ្មីផងដែរ។ Apple ត្រូវសាធារណជនរំពឹងថា នឹងប្រកាស iPhone 8 នៅពេលណាមួយក្នុងខែកញ្ញា ខណៈ iOS ជំនាន់ថ្មីនឹងត្រូវបញ្ចេញដោយក្រុមហ៊ុនក្នុងសន្និសីទអ្នកអភិវឌ្ឍកម្មវិធីលំដាប់ពិភពលោក WWDC។
ឆាប់ៗខាងមុខ យើងនឹងបានចម្លើយកាន់តែលំអិតទៅលើលក្ខណៈសម្បត្តិនៃ iPhone ថ្មីនេះ រួមទាំងម៉ូដែល iPhone ភ្ជាប់អេក្រង់ថ្មី OLED ទំហំ ៥,៨អ៊ីញ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Nikkei