កំពូលស្មាតហ្វូន S8 នឹងទំនើបលើសស្កេនភ្នែកនៅលើ Note 7 ទៅទៀត គឺស្កេនមុខមនុស្ស (Facial Recognition) ដើម្បី Unlock ទូរស័ព្ទតែម្ដង
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា ប្រហែលកំពុងធ្វើការ អភិវឌ្ឍមុខងារទំនើបស្កេនមុខ (facial recognition) សម្រាប់បំពាក់ទៅលើ iPhone 8 ហើយថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា ស្មាតហ្វូនកំពូល Galaxy S8 របស់ Samsung ក៏អាចបំពាក់បច្ចេកវិទ្យាស្កេនមុខនេះផងដែរ។
ព័ត៌មាននេះ ត្រូវបានរាយការណ៍ចេញពីគេហទំព័រវិនិយោគិន The Investor ដែលអះអាង បានទទួលព័ត៌មានលំអិតផ្លូវការ អំពីមុខងារថ្មីនេះ ពីក្រុមហ៊ុន Samsung ផ្ទាល់តែម្ដង។ នៅក្នុងអត្ថន័យនៃការបកស្រាយនោះលើកឡើងដូច្នេះថា ដោយសារមុខងារស្កេនប្រស្រីភ្នែក នៅមានកម្រិត ដូចជានៅលើល្បឿន និងការប្រតិបត្តិបានត្រឹមត្រូវនោះ ដូច្នេះ ក្រុមហ៊ុន Samsung អាចសម្រេចចិត្ត បន្ថែមមុខងារស្កេនមុខមាត់ (facial recognition) ទៅលើ S8។ នេះជាសម្ដីអះអាងចេញពីក្រុមហ៊ុន Samsung ផ្ទាល់។
“ជាមួយ face scanner វានឹងដំណើរការល្បឿនយ៉ាងលឿន មិនដល់រយៈពេល ០,០១វិនាទីផងទេ ក្នុងការដោះសោទូរស័ព្ទ”។ Galaxy S8 ត្រូវគេរំពឹងថា នឹងបំពាក់មកជាមួយអេក្រង់ទំហំ ៥៨អ៊ីញ ហើយ S8 Plus នឹងមានទំហម ៦,២អ៊ីញ និងបំពាក់ឈីប Qualcomm Snapdragon 835 អមដោយ RAM 4GB។ លក្ខណៈសម្បត្តិផ្សេងទៀត គឺនឹងមាន Memory ម៉ាស៊ីនទំហំ 64GB អាចដោតកាត microSD បាន ហើយមានកាមេរ៉ាភ្លោះទំហំ 12MP។
កំពូលស្មាតហ្វូន Android នឹងត្រូវវែកមុខផ្លូវការនៅក្នុងព្រឹត្តិការណ៍ Samsung Unpacked ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែមីនានេះ ហើយរំពឹងនឹងចេញលក់នៅលើទីផ្សារចាប់ពីខែមេសា។ S8 នឹងត្រូវដាក់ឱ្យបញ្ជាទិញនៅថ្ងៃទី១០ មេសា ហើយមានលក់នៅថ្ងៃទី២១ មេសា៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ The Investor