ឮ​តែ​តម្លៃ​ស្រោម​ iPhone 7 សោះ​​ចង់​​ខ្យល់​ចាប់ ..! ១សន្លឹក​តម្លៃ​អាច​ដល់ ៥៥០០ដុល្លារ!​



បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន នាំ​គ្នា​ផលិត​គ្រឿង​បន្សំ​ទូរស័ព្ទ​ទំនើបៗ ដើម្បី​ជា​ទី​ពេញ​ចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់។ ចំណែក​ពេល​នេះ ​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​តម្លៃ​ស្រោម​ទូរស័ព្ទ iPhone 7 និង 7 Plus ​មាន​តម្លៃ​ខ្ពស់​កប់​ពពក សឹង​មិន​គួរ​ឱ្យ​ជឿ។ ថ្មីៗ​នេះ មាន​ការ​តាំង​លក់​ស្រោម iPhone 7/ 7 Plus នៅ​លើ​គេហទំព័រ Louis Vuitton មាន​តម្លៃ​ថ្លៃ​មិន​គួរ​ឱ្យ​ជឿ រហូត​ដល់​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ ពោល​គឺ​ចាប់ពី ១១៨០ដុល្លារ ទៅ ៥៥០០ដុល្លារ។ តើ​មូលហេតុ​អ្វី​បាន​ជា​ស្រោម iPhone 7/ 7 Plus ខាង​លើ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ដូច្នេះ?

ស្រោម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ហៅ​ថា Eye-Trunk ​ត្រូវ​បាន​ផលិត ដោយ​ស្រោប​ជាមួយ​មាស រួម​ផ្សំ​ជាមួយ​សមាសធាតុ​មាន​តម្លៃ​ថ្លៃៗ​ផ្សេង​ទៀត។ Eye-Trunk មាន​តម្លៃ​ទាប​បំផុត​គឺ ១១៨០ដុល្លារ ហើយ​ថ្លៃ​បំផុត​រហូត​ដល់ ៥៥០០ដុល្លារ​អាមេរិក។ សូម​បញ្ជាក់​តម្លៃ តម្លៃ​នេះ​គឺ​គិត​តែ​ស្រោម​ទូរស័ព្ទ Eye-Trunk នេះ​ប៉ុណ្ណោះ មិន​រាប់​បញ្ចូល​ទូរស័ព្ទ iPhone នោះ​ឡើយ។

សម្រាប់​ម៉ូដែល​ស្រោប iPhone ដែល​ថ្លៃ គឺ​ត្រូវ​បាន​ផលិត​ពី​ស្បែក​ក្រពើ​សុទ្ធសាធ ទើប​ធ្វើ​ឱ្យ​វា​មាន​តម្លៃ ៥០៥០ដុល្លារ​សម្រាប់​ប្រើ​ជាមួយ iPhone 7 ហើយ​ស្រោម 7 Plus គឺ​រហូត​ដល់ ៥៥០០ដុល្លារ​អាមេរិក។ ស្រោម​តម្លៃ​ធូ​បំផុត​គឺ ១១៨០ដុល្លារ​សម្រាប់​ប្រើ​ជាមួយ iPhone 7 ​ចំណែក​តម្លៃ​ស្រោម​សម្រាប់ iPhone 7 Plus ​គឺ ១២៥០ដុល្លារ។ ស្រោម​ប្រណិត​តម្លៃ​កប់​ក្ដោង Eye-Trunk នេះ មាន​ជម្រើស​ពណ៌​ផ្សេងៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ពណ៌ Mnogram ​ពណ៌​បែប​លាយ​ផ្កាឈូក​តិចៗ ហើយ​មាន​តម្លៃ​ដូច​គ្នា៕

យ៉ាង​ម៉េច​ហើយ បន្ទាប់​ពី​បាន​ដឹង​ពី​លក្ខណៈ​ពិសេស​នៅ​លើ​ស្រោម iPhone ខ្ទង់​ពាន់​ដុល្លារ​ខាង​លើ​រួច តើ​មាន​ប្រិយមិត្ត​ណា​ខ្លះ​ចង់​បាន? ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s