ម៉ាស៊ីនយន្តកម្ទេច iPhone ត្រូវបានដាក់ឱ្យដំណើរការនៅ California និងអឺរ៉ុប!
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានបង្ហាញម៉ាស៊ីនយន្តថ្មីមួយមានឈ្មោះថា Liam ដែលមានមុខងារកម្ទេច iPhone ចាស់ៗដើម្បីយកគ្រឿងក្នុងដែលមានតម្លៃទុកសម្រាប់ផលិត ឬប្រើប្រាស់ឡើងវិញ។ ក្នុងរបាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន Apple កាលពីចុងខែកុម្ភៈ បានឱ្យដឹងថា ម៉ាស៊ីនយន្តថ្មីនេះគឺត្រូវបានដាក់ឱ្យដំណើរការនៅ California និងហុឡង់ដ៍។
ក្នុងពេលដែលធ្វើបទបង្ហាញនោះ ក្រុមហ៊ុន Apple បានប្រកាសថា ម៉ាស៊ីនយន្តនេះអាចកម្ទេច iPhone 6 ១.២លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ ហើយម៉ាស៊ីនពីរអាចកម្ទេចទូរស័ព្ទបានច្រើនបំផុតប្រមាណ ២.៤លានគ្រឿងក្នុងមួយឆ្នាំ។
Apple បានសរសេរដូច្នេះថា ៖«ក្នុងចំណោមទូរស័ព្ទ ១ម៉ឺនគ្រឿងដែលបានកម្ទេច ក្រុមហ៊ុនអាចទាញយកមកវិញបាននូវអាលុយមីញ៉ូម ១៩០គីឡូក្រាម ស្ពាន់ ៨០គីឡូក្រាម មាស ០.១៣គីឡូក្រាម ផ្លាទីន ០.០៤គីឡូក្រាម ប្រាក់ ០.០៧គីឡូក្រាម សំណប៉ាហាំង ៥.៥គីឡូក្រាម និងរ៉ែកម្រប្រមាណ ២.៤គីឡូក្រាមទៀត៕