Apple នឹង​​បញ្ចេញ iPad Pro ​ស៊េរី​ថ្មី​ឆាប់ៗ​នេះ យ៉ាង​យូរ​នៅ​នៅ​សប្ដាហ៍​ក្រោយ ដោយ​មិន​ឱ្យ​ដំណឹង​មុន​សោះ អាច​នឹង​ចេញ​ម្ដង ៣ម៉ូដែល​



ខណៈ​ដំណឹង iPhone 8 កំពុង​មាន​ការ​ចាប់អារម្មណ៍​តាមដាន​យ៉ាង​ស្អិត ព្រោះ​ជា​កំពូល​ទូរស័ព្ទ​ល្បី និង​ពេញ​និយម​សម្រាប់​យុវវ័យ​នោះ ពេល​នេះ​ក៏​លេច​ឮ​ដំណឹង​អំពី​ថេប្លេត iPad Pro ​ស៊េរី​ថ្មី​វិញ​ម្ដង។ យោងតាម​របាយការណ៍​ថ្មី​មួយ ឱ្យ​ដឹង​ថា ពេល​នេះ ក្រុមហ៊ុន Apple កំពុង​ធ្វើតេស្ត​លើ iPad Pro ជំនាន់​ថ្មី​ដល់​ទៅ ៤ម៉ូដែល។ ក្រុមហ៊ុន អាច​នឹង​ប្រកាស​ចេញ iPad Pro ​ថ្មី​នេះ នៅ​សប្ដាហ៍​ខាង​មុខ។

iPad Pro ​ស៊េរី​ថ្មី​ទាំង ៤ម៉ូដែល​នោះ មាន​ទំហំ​អេក្រង់​ខុសៗ​គ្នា​គឺ ទំហំ ៧,១អ៊ីញ, ៧,២អ៊ីញ, ៧,៣អ៊ីញ និង​អេក្រង់ ៧,៤អ៊ីញ។ iPad Pro ថ្មី​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង iOS 10.3 beta និង iOS 11។ យោងតាម​លោក Ming-Chi Kuo ​អ្នក​វិភាគ​មក​ពី​ក្រុមហ៊ុន KGI Securities ​អះអាង​ថា Apple នឹង​បញ្ចេញ iPad Pro ស៊េរី​ថ្មី​ម្ដង ៣ម៉ូដែល ដែល​មាន​ទំហំ ៩,៧អ៊ីញ និង ១២,៣អ៊ីញ និង​ម៉ូដែល​មួយ​ទៀត​ទំហំ ១០,៥អ៊ីញ។

ផ្អែក​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ MacRumors ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple នឹង​ប្រកាស​ចេញ iPad Pro ​ស៊េរី​ថ្មី នៅ​ចន្លោះ​ថ្ងៃ​ទី២០ ទៅ​ថ្ងៃ​ទី២៤ ខែ​មីនា​នេះ។ របាយការណ៍​កន្លង​ទៅ ធ្លាប់​បាន​លើកឡើង​ថា ក្នុង​ឆ្នាំ២០១៧ នេះ Apple នឹង​បញ្ចេញ iPad Pro ​ម្ដង ៣ម៉ូដែល។ វា​អាច​ជា​រឿង​ចម្លែក​ដែល ឆ្នាំ​នេះ Apple ហាក់​សំងំ​ស្ងៀម​មិន​ប្រារព្ធ​ពិធី​សម្ពោធ​ផលិតផល​ថ្មី ខុស​ប្លែក​ពី​ឆ្នាំ​មុន ២០១៦ និង ២០១៥ ​ដែល​ធ្លាប់តែ​ប្រកាស​នូវ​ព្រឹត្តិការណ៍​បង្ហាញ​ថេប្លេត iPad ជំនាន់​ថ្មី។

iPad ​គឺ​ជា​ថេប្លេត​ពេញ​និយម​មួយ​នៅ​លើ​ទីផ្សារ យ៉ាងណា នៅ​ក្នុង​ត្រីមាស​ទី១ ដែល​បញ្ចប់​ត្រឹម​ចុង​ខែ​ធ្នូ ២០១៦ កន្លង​ទៅ Apple ​រក​ប្រាក់​ចំណូល​បាន ៥,៥ពាន់​លាន​ដុល្លារ​ពី​ការ​លក់ iPad ​ប្រមាណ ១៣,៣លាន​គ្រឿង។ តួលេខ​ប្រាក់​ចំណូល Apple បាន​ពី​ការ​លក់​ថេប្លេត​គឺ​ធ្លាក់​ចុះ ២២% ប្រៀបធៀប​ការ​លក់​ថេប្លេត​ប្រចាំ​ឆ្នាំ។ ដូច្នេះ រង់ចាំ​មើល​ថា​តើ ឆ្នាំ២០១៧ នេះ Apple មាន​យុទ្ធសាស្ត្រ​បង្កើន​ការ​លក់​យ៉ាងណា តើ iPad Pro ស៊េរី​ថ្មី​នឹង​មាន​អ្វី​រឹតតែ​ពិសេស​ដើម្បី​អន្ទង​ចិត្ត​អ្នក​ប្រើប្រាស់? ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s