លេចរូប Poster ស្ដីពីព្រឹត្តិការប្រកាសកំពូលស្មាតហ្វូន Galaxy S8 អមជាមួយចចាមអារ៉ាមថា ម៉ូដែល 6GB នឹងមានលក់តែនៅចិន!
ខណៈថ្ងៃសម្ពោធ Galaxy S8 កាន់តែខិតជិតមកដល់នោះ ដំណឹងផ្សេងៗជុំវិញស្មាតហ្វូនទំនើបនេះ នៅតែបន្តលេចឮជាបន្តបន្ទាប់ឥតដាច់។ ជាក់ស្ដែងថ្មីៗនេះ រូប Poster ដែលអាចប្រើសម្រាប់ព្រឹត្តិការណ៍ប្រកាស Galaxy S8 នៅពេលខាងមុខ បានបែកធ្លាយនៅលើបណ្ដាញអ៊ីនធឺណិត ដែលមានការឌីហ្សាញឡូយប្លែកភ្នែក រំលេចដោយអក្សរ S ស្ថិតនៅប្រឡោះទទឹងទូរស័ព្ទ ដែលមានជ្រុងអេក្រង់ទាំង៤ រាងកោង។ សូមមើលរូប៖
ក្រុមហ៊ុន Samsung នឹងប្រកាសចេញ Galaxy S8 ផ្លូវការនៅព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉ក ក្នុងខែមីនានេះ នៅថ្ងៃទី២៩ ខាងមុខ។ ចចាមអារ៉ាមបានលើកឡើងថា S8 នឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី២៨ ខែមេសាក្រោយប្រកាសបាន ១ខែ។
Galaxy S8 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយអេក្រង់ទំហំ ៥,៨អ៊ីញ កម្រិត QHD និងម៉ូដែល ៦,២អ៊ីញកម្រិត QHD ដូចគ្នា។ កំពូលស្មាតហ្វូន Android ថ្មីនេះ ត្រូវគេរំពឹងថា នឹងប្រើបន្ទះឈីប Snapdragon s835 និងជម្រើស Exynos អមដោយ RAM ពីរជម្រើស គឺទំហំ 4GB និង 6GB។ Galaxy S8 មាន RAM 6GB ត្រូវគេរំពឹងថា នឹងមានលក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ក្រៅពីលក្ខណៈសម្បត្តិខាងលើ S8 ត្រូវគេរំពឹងទៀតថា នឹងបំពាក់កាមេរ៉ាក្រោយទំហំ 12MP ហើយខាងមុខទំហំ 8MP ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ចេញពីប្រអប់ស្រាប់៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Sammobile