Nvidia សហការជាមួយដៃគួថ្មី ២ទៀត ដើម្បីពន្លឿនអភិវឌ្ឍប្រព័ន្ធបើកបរស្វ័យប្រវត្តិ AI មិនចាំបាច់មនុស្សបញ្ជាចង្កូត
Nvidia ដែលជាក្រុមហ៊នឯកទេសផលិតបន្ទះឈីបទូរស័ព្ទ និងបច្ចេកវិទ្យាក្រាហ្វិក ថ្មីៗនេះបានប្រកាសនូវកិច្ចការសហការរួមគ្នានឹងក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផ្គត់ផ្គង់រថយន្តធំបំផុតលើលោក និង PACCAR ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តដឹកទំនិញ ដើម្បីអភិវឌ្ឍប្រព័ន្ធរថយន្តបើកបរស្វ័យប្រវត្តិ។
ក្រុមហ៊ុន Nvidia ក៏បានចាប់ដៃជាមួយក្រុមហ៊ុនរថយន្តដូចជា Mercedes-Benz និង Audi រួចមកហើយ ប៉ុន្តែដៃគូថ្មីទាំងពីរក្រោយនេះ នឹងធ្វើឲ្យក្រុមហ៊ុនបង្កើតឈីបនេះ កាន់តែមានសក្ដានុពលខ្លាំងឡើង ផ្នែករថយន្តបើកបរស្វ័យប្រវត្តិ ដូចទៅនឹងក្រុមហ៊ុន Google, Uber និងក្រុមហ៊ុនល្បីឈ្មោះផ្សេងៗទៀត។
https://youtu.be/Wweoh7WJNUw
នេះជាព័ត៌មានថ្មីចុងក្រោយមួយ អំពីក្រុមហ៊ុនផលិតបន្ទះឈីប មានបំណងបង្កើតប្រព័ន្ធ AI សម្រាប់បំពាក់លើរថយន្តស្វ័យប្រវត្តិ (self-driving) ជាក់ស្ដែងកាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន Intel ក៏ទើបតែបានទិញយកក្រុមហ៊ុន Mobileye ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ដើម្បីបន្ថែមការផ្ដោតអភិវឌ្ឍទម្រង់ platform ស្វ័យប្រវត្តិ។
ចំណែកការចាប់ដៃគ្នារវាង Nvidia និងក្រុមហ៊ុនរថយន្តទាំងពីរខាងលើនេះ គឺនឹងសម្រេចចេញនូវសមិទ្ធផលថ្មី ជាប្រព័ន្ធរថយន្ត AI (superchip) ដែលនឹងឱ្យឈ្មោះថា Xavier។ Xavaier នឹងជាអង្គប្រតិបត្តិដំបូងមួយលើលោក សម្រាប់បើកបររថយន្តកម្រិត ៤ (Level 4 autonomous driving)។ នេះមានន័យថា រថយន្តជំនាន់ក្រោយ នឹងអាចរ៉ាប់រងក្នុងការបើកបរជំនួសមនុស្សបាន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ mashable