មនុស្ស៥ប្រភេទនេះ ទុកក៏មិនចំណេញដកចេញក៏មិនខាត
មានពំនោលមួយលើកឡើងថា៖«នៅពេលទំហំនៃរង្វង់ទំនាក់ទំនងរបស់អ្នករួមតូច គុណភាពរបស់វានឹងរីកធំ»។ រាល់មនុស្សដែលអ្នករាប់អាននឹងមានឥទ្ធិពលមកលើអ្នក ឥទ្ធិពលវិជ្ជមានឫអវិជ្ជមានគឺអាស្រ័យទៅលើអ្នក ថាតើអ្នកនឹងជ្រើសរើសមនុស្សបែបណាចូលមកក្នុងជីវិតអ្នក។ អ្នកមិនអាចផ្លាស់ប្ដូរអត្តចរិតធម្មជាតិរបស់មនុស្សបានទេ។ ព្រះពុទ្ធទ្រង់មានពុទ្ធដីកាថា «មុននឹងអ្នកចង់ផ្លាស់ប្ដូរអ្នកដទៃ ត្រូវចងចាំថាតើវាពិបាកប៉ុណ្ណាក្នុងការផ្លាស់ប្ដូរខ្លួនឯង»។
ប៉ុន្តែ អ្វីដែលអ្នកអាចផ្លាស់ប្ដូរឬជ្រើសរើសបាន គឺជារង្វង់ទំនាក់ទំនងរបស់អ្នក គឺអ្នកមានសិទ្ធិជ្រើសរើសយកមនុស្សប្រភេទណាចូលមកក្នុងជីវិតអ្នក និងមានឥទ្ធិពលវិជ្ជមានដល់អ្នក។ ចំណែកមនុស្សទាំង៥ប្រភេទខាងក្រោមនេះវិញ គឺជាមនុស្សដែលអ្នកគួរដកចេញពីរង្វង់មិត្តភាពរបស់អ្នក ដើម្បីទុកចន្លោះឲ្យមនុស្សល្អៗចូលមកបំពេញក្នុងរង្វង់នោះវិញ៖
១) មនុស្សដែលមើលឃើញតែគ្រោះអកុសល
ជារៀងរាល់ពេលពួកគេធ្វើខ្លួនដូចជាគ្រូទាយដូច្នោះ។ ពួកគេតែងមើលឃើញរំលងហួសទៅដល់រាល់គ្រោះអកុសលទាំងឡាយដែលភាគច្រើនមិនដែលកើតឡើង។ជីវិតរបស់មនុស្សមិនចេះតែឡើងរហូត តែវាក៏មិនចុះរហូតនោះដែរ។ ហេតុការណ៍ល្អនិងអាក្រក់តែងមកជាគូនឹងគ្នា បំពេញគ្នាទៅវិញទៅមក ហើយអ្នកក៏ត្រូវគិតក្នុងផ្លូវល្អជានិច្ចដែរ ដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងដោះស្រាយនឹងវិបត្តិទាំងឡាយ។ ប៉ុន្តែតើអ្នកអាចគិតវិជ្ជមានដូចម្ដេចបាន បើអ្នកមានមនុស្សទុទ្ទិដ្ឋិនិយមដូចនេះនៅចាំជះឥទ្ធិពលអវិជ្ជមានដល់អ្នកនោះ ?
២) មនុស្សកុហក
អ្នកមិនអាចទៅដល់គោលដៅសំខាន់ក្នុងជីវិតបានទេ បើអ្នកត្រូវបានមនុស្សកុហកបង្វិលអ្នកឲ្យវិលក្បុង ម្ដងបែបនេះ ម្ដងបែរជាបែបនោះវិញ ដើម្បីគ្រាន់តែបំពេញផលប្រយោជន៍ដ៏អាត្មានិយមរបស់ពួកគេនោះ។ វត្តមានរបស់មនុស្សប្រភេទនេះ គ្រាន់តែមកបង្អាក់ដល់ការផ្ដោតអារម្មណ៍ដើម្បីសាងស្នាដៃសំខាន់ៗរបស់អ្នកតែប៉ុណ្ណោះ។
៣) មនុស្សពូកែតែនិយាយ
ហេតុផលដែលនៅក្នុងសង្គមមួយអភិវឌ្ឍទៅមុខយឺតជាងគេ ក៏ដោយសារតែធនធានមនុស្សរបស់សង្គមនេះសម្បូរតែមនុស្សប្រភេទពូកែតែនិយាយនេះឯង ដែលដឹងសព្វគ្រប់បែបយ៉ាងនូវគ្រប់ហេតុការណ៍ទាំងអស់ ថែមទាំងពូកែវែកញែកខុសត្រូវទៀតផង។ យ៉ាងណាមិញ ពួកគេមិនដែលបញ្ចេញអ្វីដែលខ្លួនចេះដឹងធ្វើអ្វីឲ្យបានជាដុំកំភួនឡើយ។ ហេតុនេះ ការបន្តរក្សាទុកមនុស្សបែបនេះ នាំតែរំខានអ្នកឲ្យរារែកចំពោះការចេញសកម្មភាពអនុវត្តសម្រេចក្ដីសុបិននោះទេ។
៤) មនុស្សពូកែអួត
មនុស្សបែបនេះចាប់អារម្មណ៍តែអំពីខ្លួនឯង និងរាល់ទង្វើរបស់ពួកគេស្ដែងចេញតែភាពអាត្មានិយម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បងប៉ុណ្ណោះ។ តើមនុស្សប្រភេទនេះម្ដេចនឹងអាចមានឥទ្ធិពលវិជ្ជមានមកលើអ្នកបានទៅ ហើយម្ដេចនឹងអាចជាមនុស្សគួរឲ្យទុកចិត្តនឹងមករួមដំណើរជាមួយអ្នកបាន ?
៥) មនុស្សចូលចិត្តរអ៊ូរទាំងស្ដាយក្រោយ
ពួកគេចេះតែរអ៊ូទៅលើអ្វីមួយដែលកើតឡើងហើយគួរតែទៅជាបែបនេះ ឬបែបនោះ។ ពួកគេមិនមានសុទិដ្ឋិនិយមគិតគូររៀបចំផែនការសម្រាប់ពេលអនាគតនោះទេ ក៏ព្រោះតែពួកគេនៅតែរស់នៅក្នុងពិភពដែលមានតែម្សិលមិញ និងមានតែការគិតអវិជ្ជមានដែលគ្របដណ្ដប់ទៅដោយវិប្បដិសារីជានិច្ច៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ addicted2success