ទាយ​ទៅ​មើល៍ តើ​ម្ចាស់​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ជិះ​ឡាន​ម៉ាក​អ្វី​ទៅ​ការិយាល័យ​ធ្វើការ​រាល់​ព្រឹក?​



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ត្រូវ​បាន​គេ​ចាត់​ចូល​ជា​បុគ្គល​បច្ចេកវិទ្យា​ដែល​ជោគជ័យ មាន​ទ្រព្យសម្បត្តិ​អាច​ឈរ​ឈ្មោះ​ជា​មហាសេដ្ឋី​ពិភពលោក​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​បាន មាន​ទ្រព្យ​សម្បត្តិ​សរុប ៥៨,៦ពាន់​លាន​ដុល្លារ​អាមេរិក (គិត​ត្រឹម​ខែ​មីនា ឆ្នាំ២០១៧) ខណៈ​ដែល​ប្រាក់ខែ​របស់​លោក​នៅ​ក្រុមហ៊ុន Facebook គឺ​តែ ១ដុល្លារ/ខែ​ប៉ុណ្ណោះ។

Acura TSX

VW Golf GTI

យោង​តាម​គេហទំព័រ​បរទេស​មួយ​គឺ carbuzz បាន​ឱ្យ​ដឹង​ថា ស្ថាបនិក​ក្រុមហ៊ុន Facebook និង​ជា​មហាសេដ្ឋី​មាន​វ័យក្មេង​ជាង​គេ​លើ​លោក​នៅ​អាយុ​ត្រឹមតែ ២៣ឆ្នាំ​នេះ (បច្ចុប្បន្ន​អាយុ ៣២ឆ្នាំ) ​ជិះ​រថយន្ត​ម៉ាក Volkswagen Golf GTI ពណ៌​ខ្មៅ ប្រើ​ប្រអប់​លេខ​ដៃ តម្លៃ​ប្រហែល ៤០ ០០០ដុល្លារ​អាមេរិក។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​មួយ​លោក​ត្រូវ​បាន​គេ​លួច​ថត ដោយ​នៅ​ក្នុង​រូបថត​នោះ ឃើញ Zuckerberg កំពុង​អង្គុយ​ក្នុង​ឡាន​ចុច​ទូរស័ព្ទ។ លោក​ក៏​មាន​រថយន្ត Acura TSX ផង​ដែរ ដែល​គេ​សន្និដ្ឋាន​ថា ម្ចាស់​ក្រុមហ៊ុន​បង្កើត Facebook នេះ ប្រើប្រាស់​សម្រាប់​បើក​កម្សាន្ត​នៅ​ចុង​សប្ដាហ៍។

Pagani Huayra

យោង​តាម​បណ្ដាញ​ព័ត៌មាន businessinsider ឱ្យ​ដឹង​ថា លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ត្រូវ​បាន​គេ​រាយការណ៍​ថា សព្វថ្ងៃ​លោក​មាន​រថយន្ត​ផ្ទាល់ខ្លួន​មួយ​ចំនួន ក្នុង​នោះ​មាន​ម៉ាក Acura TSX និង​ស៊េរី​រថយន្ត Volkswagen Golf GTI តែ​លោក​មាន​ចំណូល​ចិត្ត​ទៅ​លើ​រថយន្ត​ Pagani Huayra ជាង។ ស៊េរី​រថយន្ត​របស់​ក្រុមហ៊ុន​អ៊ីតាលី Pagani នេះ​មាន​តម្លៃ​ចាប់ពី ១,៣លាន​ដុល្លារ​អាមេរិក​ឡើង​ទៅ។ បើ​តាម​គេហទំព័រ notjustrich ​បង្ហាញ​ថា Zuckerberg ថែមទាំង​មាន​រថយន្ត​ម៉ាក Honda Fit ថែម​ទៀត ដែល​ត្រូវ​បាន​គេ​ប្រមាញ់​ថត​ជាប់​ពី​ក្រោយ​ខ្នង​លោក ឈរ​ជាប់​ទ្វា​រថយន្ត។ សូម​បញ្ជាក់​នេះ​ គ្រាន់តែ​ជា​ការ​ចុះផ្សាយ​របស់​បណ្ដា​គេហទំព័រ​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​ការ​បញ្ជាក់​ចេញ​ពី​សម្ដី​ផ្ទាល់​របស់​ Mark Zuckerberg នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ សម្រាប់​ព័ត៌មាន​អំពី​ជីវិត​រស់នៅ​របស់​បុគ្គល​ល្បីល្បាញ គឺ​កម្រ​ត្រូវ​បាន​ផ្សាយ​ចេញ​ជា​សាធារណៈ​ណាស់។ ដូច្នេះ បាន​ជា​យើង​លើក​យក​មក​ចុះផ្សាយ គឺ​ដោយសារ​ផ្អែក​លើ​រូបភាព និង​ការ​អះអាង​ពី​គេហទំព័រ​មួយ​ចំនួន​ខាង​លើ​ប៉ុណ្ណោះ៕   ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ carbuzz, dailymail, notjustrich
X
5s