អ្នកនឹងសម្រេចគោលដៅក្នុងជីវិតដោយហ្វឹកហាត់តាមរយៈការបង្កើតរូបភាពក្នុងចិត្ត
ចិត្តរវើរវាយគឺជាប្រភពនៃសេចក្ដីទុក្ខទាំងឡាយ។ នៅពេលចិត្តអ្នកធ្វើដំណើរឥតសណ្ដាប់ធ្នាប់ គ្មានគោលដៅជាក់លាក់មួយច្បាស់លាស់ មិនផ្ចង់អារម្មណ៍គិតទៅលើអ្វីដែលខ្លួនកំពុងធ្វើ នោះហើយសុទ្ធតែជាមូលហេតុនៃការមិនសម្រេចបាននូវគោលដៅទាំងឡាយក្នុងជីវិត។ អ្នកដែលបរាជ័យក្នុងការគ្រប់គ្រងចិត្តខ្លួនឯង នោះពួកគេក៏នឹងបរាជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេដែរ។
តើអ្នកដឹងទេថានៅក្នុងខ្លួនអ្នកមានបង្កប់នូវកំណប់ទ្រព្យដ៏អស្ចារ្យដែលធម្មជាតិបានផ្ដល់ឲ្យមនុស្ស ? កំណប់ទ្រព្យនេះគឺជាអនុសម្បជញ្ញៈដែលនៅពីក្រោមការត្រួតត្រារបស់សម្បជញ្ញៈនេះឯង។ អនុសម្បជញ្ញៈជាចិត្តដែលគ្មានហេតុផល និងបង្គាប់បញ្ជាទៅលើទង្វើអ្នកទៅតាមតែអ្វីដែលសម្បជញ្ញៈព្រមទទួលយកមកប៉ុណ្ណោះ។ រីឯសម្បជញ្ញៈគឺជាចិត្តដែលគិតហេតុផល ប៉ុន្តែមនុស្សយើងមិនមែនគ្រប់ពេលគិតមានហេតុផលនោះទេ នៅពេលនេះហើយដែលអនុសម្បជញ្ញៈមានអំណាចជាងសម្បជញ្ញៈនោះ។
យ៉ាងណាមិញ បើអ្នកស្គាល់ពីដំណើរការណ៍ធម្មជាតិរបស់អនុសម្បជញ្ញៈបានច្បាស់លាស់ នោះអ្នកនឹងទទួលបានប្រយោជន៍យ៉ាងច្រើន មហាសាលពីវា ដែលជាប្រភពនៃសេចក្ដីសុខស្ងប់ និងការសម្រេចនូវជីវិតដ៏ជោគជ័យ។ អ្នកត្រូវធ្វើជាម្ចាស់របស់អនុសម្បជញ្ញៈ និងបង្គាប់បញ្ជាវាឲ្យគិតជានិច្ចនូវអ្វីដែលអ្នកចង់បាន។
វាខុសពីសម្បជញ្ញៈដែលទទួលដឹងរឿងរ៉ាវទាំងឡាយតាមរយៈញាណទាំង៥ ផ្ទុយទៅវិញវាជាទីដែលផ្ទុកទៅដោយអារម្មណ៍ ការស្រមើស្រមៃ ការចងចាំនិងការច្នៃប្រឌិតទាំងឡាយ។ ដើម្បីត្រួតត្រាទៅលើវាកុំឲ្យរវើរវាយគិតពីអ្វីផ្សេងដែលមិនមែនជាកិច្ចការចំពោះមុខ ដែលនាំអ្នកឲ្យឃ្លាតឆ្ងាយពីគោលដៅ អ្នកត្រូវប្រើការបង្កើតរូបភាពក្នុងចិត្តក្នុងអនុសម្បជញ្ញៈរបស់អ្នកនេះឯង។ ការហ្វឹកហាត់បែបនេះ ក៏មិនខុសគ្នាអ្វីពីការតាំងសមាធិដែរ ព្រោះវាតម្រង់រកគោលដៅតែមួយ គឺការផ្ចង់អារម្មណ៍ឲ្យស្ងប់គិតទៅលើរឿងម្យ៉ាង។
ការបង្កើតរូបភាពក្នុងចិត្តនេះ ទាមទារឲ្យអ្នកអត់ធ្មត់អនុវត្តវាជាប្រចាំថ្ងៃ ដោយចាប់ផ្ដើមជាមួយនឹងការអង្គុយនៅទីស្ងប់ស្ងាត់មួយកន្លែង រួចតាំងអារម្មណ៍ឲ្យស្ងប់ ស្រមៃថាអ្នកកំពុងអង្គុយក្នុងរោងកុនទស្សនាពីរឿងរ៉ាវជីវិតរបស់អ្នក ជារឿងអ្វីដែលអ្នកតែងប្រាថ្នាចង់បានយ៉ាងខ្លាំងបំផុត។ បើអ្នកកាន់តែស្រមៃរូបភាពនៃគោលដៅដែលអ្នកចង់សម្រេចបានច្បាស់ប៉ុណ្ណា នោះឱកាសដែលអ្នកនឹងសម្រេចបានក៏នឹងមានខ្ពស់ប៉ុននោះ។ រូបភាពនៃគោលដៅដែលច្បាស់ គឺជាការលាយបញ្ចូលគ្នានូវការប្រើប្រាស់ញាណទាំង៥របស់អ្នក សម្ដែងនៅក្នុងរឿងរ៉ាវដែលកំពុងចាក់បញ្ចាំងក្នុងខួរក្បាលរបស់អ្នក និងបញ្ចូលនូវអារម្មណ៍ដែលអ្នកទទួលបានផងដែរ។
អ្នកត្រូវស្រមៃថាអ្នកមានវារួចមកហើយ មានន័យថាអ្នកបានសម្រេចគោលដៅនោះហើយ និងស្រមៃថាតើអ្នកមានអារម្មណ៍បែបណា។ រូបភាពកាន់តែជាក់លាក់ រួមជាមួយការហ្វឹកហាត់គិតបែបនេះជាប្រចាំ មិនយូរមិនឆាប់អ្នកនឹងសម្រេចបាននូវគោលដៅរបស់អ្នកជាក់ជាមិនខាន។ ការហ្វឹកហាត់បែបនេះ នឹងតម្រង់ការគិតរបស់អ្នកឲ្យផ្ដោតទៅលើតែការសម្រេចគោលដៅ និងបង្ការចិត្តអ្នកមិនឲ្យរវើរវាយគិតផ្ដេសផ្ដាស ហើយអ្នកនឹងមានអារម្មណ៍ថាហាក់បីដូចជាមានកម្លាំងជំរុញអ្វីម្យ៉ាងពីក្នុងយ៉ាងមានអំណាចខ្លាំងក្លាដូច្នោះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ jackcanfield