RAM កុំព្យូទ័រជំនាន់ក្រោយ DDR5 កំពុងត្រូវបានផលិត ឱ្យមានសមត្ថភាពខ្លាំងទ្វេដង ជួយឱ្យកុំព្យូទ័រដំណើរការលឿន x2 ដង!
RAM ដែលត្រូវគេចំណាំហៅថា ជាមេម៉ូរីបណ្ដោះអាសន្ននោះ គឺជាផ្នែកដ៏សំខាន់មួយនៃកុំព្យូទ័រសមត្ថភាពខ្ពស់។ កុំព្យូទ័រមួយត្រូវបានចាត់ទុកថា មានសមត្ថភាពខ្ពស់ ឬមិនខ្ពស់គឺអាស្រ័យលើផ្នែកសំខាន់ៗដូចជា អង្គប្រតិបត្តិ (CPU), ក្រាហ្វិក (VGA) ហើយក៏ដូចជា RAM ក៏សំខាន់មិនអាចខ្វះបាន។ បើតាមរបាយការណ៍ថ្មីនេះ អះអាងថា នឹងមាន DDR RAM ជំនាន់ថ្មីត្រូវបានផលិតសម្រាប់បង្កើនល្បឿនកុំព្យូទ័រឱ្យរឹតតែលឿនទ្វេដង ប្រៀបធៀបនឹង RAM បច្ចុប្បន្ន។
ផ្អែកតាមគេហទំព័រ engadget ឱ្យដឹងថា អង្គការ JEDEC ដែលជាអ្នកកំណត់ស្តង់ដារសម្រាប់ឧស្សាហកម្ម មៃក្រូអេឡិត្រូនិក (microelectronics) បានលើកឡើងថា ពេលនេះ ពួកគេកំពុងធ្វើការឌីហ្សាញ DDR RAM ជំនាន់ថ្មីគឺ DDR5 និង NVIDMM-P ដែលមានសមត្ថភាពខ្ពស់អស្ចារ្យជាង RAM បច្ចុប្បន្ន។
RAM ថ្មីនេះ នឹងជួយបន្ថែមសមត្ថភាពកុំព្យូទ័រឱ្យមានល្បឿនកើនឡើងទ្វេដងជាង RAM បច្ចុប្បន្ន សម្រាប់ផ្គត់ផ្គង់ឧស្សាហកម្ម Gaming Laptop។ ក្រៅពីជួយបង្កើនល្បឿនដំណើរការកុំព្យូទ័រហើយនោះ RAM DDR5 ជំនាន់ថ្មី ក៏ត្រូវបានឌីហ្សាញ កាត់បន្ថយការចំណាយលើថាមពលផ្គត់ផ្គង់ម៉ាស៊ីនផងដែរ។ JEDEC មានគម្រោងនឹងបញ្ចេញស្តង់ដារ RAM ថ្មីក្នុងពេលណាមួយនៅឆ្នាំ២០១៨ ក្រោយ ដែលជាជំនាន់ DDR5 RAM៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ engadget