អ្នកពូកែ fake account ត្រៀមខ្លួន Facebook ទើបលុបចោល ៣០០០០គណនីក្លែងក្លាយ ហើយកំពុងរៀបក្បួនច្បាប់តឹងរ៉ឹងដើម្បីបន្តប្រមាញ់
តាមសេចក្ដីរាយការណ៍ថ្មីមួយចេញផ្សាយដោយគេហទំព័រ techspot ឱ្យដឹងថា ក្រុមហ៊ុន Facebook ទើបលុបចោលគណនី Facebook ក្លែងក្លាយប្រមាណ ៣០០០០គណនី នៅក្នុងប្រទេសបារាំង។ ការប្រមាញ់បាន fake account ដ៏ច្រើននេះ គឺនៅក្រោយពេល ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សនេះ ធ្វើការរឹតបន្តឹងក្បួនច្បាប់ (algorithm) ដើម្បីវែកមុខ និងទប់ស្កាត់ការកើនឡើងគណនីក្លែងក្លាយ។
ក្រុមហ៊ុន Facebook ក៏ដូចជា Google ដែរ គឺមានឆន្ទៈ ក្នុងការរិះរកក្បួនសម្គាល់គណនីក្លែងក្លាយ ដើម្បីដុសខាត់ fake account ចេញពីបណ្ដាញសង្គមរបស់ខ្លួន ធ្វើឱ្យសេវាកម្មមានលក្ខណៈងាយស្រួលប្រើប្រាស់ជាងមុន។ មិនថា ព័ត៌មាន/ដំណឹង ក្លែងក្លាយ (fake news) ឬ មេរោគ spam ឡើយ គឺសុទ្ធតែជាក្ដីព្រួយបារម្ភលើបណ្ដាញសង្គមទំនាក់ទំនងមួយនេះ ហើយក្រុមហ៊ុនកំពុងផ្ដោតធ្វើការផ្លាស់ប្ដូរបច្ចេកទេសខ្លះៗ ដើម្បីប្រមាញ់គណនី Facebook ក្លែងក្លាយដែលជាប្រភពចែកចាយព័ត៌មានគ្មានប្រយោជន៍ និងបង្កក្ដីព្រួយបារម្ភដល់អ្នកប្រើគណនីពិតទាំងឡាយ។
អ្នកគ្រប់គ្រងកម្មវិធីបច្ចេកទេស (technical program) អ្នកនាង Shabnam Shaik ក្នុងក្រុម Protect និង Care Team នៅក្រុមហ៊ុន Facebook បានពន្យល់នៅក្នុង Post មួយកាលពីពេលថ្មីៗថា មនុស្សប្រើបណ្ដាញសង្គម ដើម្បីបង្កើតទំនាក់ទំនងមានន័យជាមួយគ្នា។ នាងបានគូសបញ្ជាក់ថា បង្កើតទំនាក់ទំនងមានន័យពិតប្រាកដបាន គឺលុះត្រាតែ ពួកគេប្រើឈ្មោះពិត ព័ត៌មានពិត។
អំឡុងពេលថ្មីនេះ ក្រុមហ៊ុន Facebook ពិតជាមានការខិតខំខ្លាំងលើការរិះរកមធ្យោបាយ ឬក្បួនច្បាប់ដើម្បី ដកចោលគណនីឥតបានគេ ដែលតែងតែបោកប្រាស់គេឯង និងចែកចាយតែព័ត៌មានគ្មានប្រយោជន៍ បំពុលសង្គម និងនាំភាពខឹងសំបារពីម្ចាស់គណនីពិតជាដើម។ ការចែកចាយព័ត៌មានអាសអាភាសក៏មានប្រភពចេញពីគណនីក្លែងក្លាយ មិនប្រើឈ្មោះពិត មិនដាក់រូប Profile ពិតទាំងនោះផងដែរ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot