Xiaomi ទើបសម្ពោធស្មាតហ្វូនកំពូលក្ដៅៗ! ភ្ជាប់កាមេរ៉ាភ្លោះ បំពាក់ CPU Snapdragon 835 និង RAM 6GB!
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi របស់ចិន ទើបសម្ពោធចេញស្មាតហ្វូនកំពូលរបស់ខ្លួន ដែលមានឈ្មោះ Xiaomi Mi 6 អមជាមួយលក្ខណៈសម្បត្តិខ្ពស់កប់ ពោលគឺមាន RAM 6GB បំពាក់អង្គប្រតិបត្តិ Qualcomm Snapdragon 835 និងមានកាមេរ៉ាភ្លោះ។
ស្មាតហ្វូនទំនើបស៊េរីថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទចិន Mi 6 នេះ មានជម្រើសមេម៉ូរីម៉ាស៊ីនពីរទំហំគឺ 64GB និង 128GB។ Xiaomi Mi 6 ភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,១៥អ៊ីញ និងមានលក្ខណៈពិសេសនៅត្រង់កាមេរ៉ាក្រោយ មានចំនួន២ ឬ dual camera ដែលមានទំហំ 12MP ជាប្រភេទ wide angle និងមួយទៀតទំហំ 12MP ប្រភេទ telephoto lens។ រីឯកាមេរ៉ាមុខ មានទំហំ 8MP ថតវីដេអូ និងថតរូប selfie បានច្បាស់ល្អ។
Mi 6 ត្រូវបានប្រើបច្ចេកវិទ្យាតំណភ្ជាប់ថ្មី Wi-Fi technology, 2x2 dual Wi-Fi មានការតភ្ជាប់ និងល្បឿនលឿនជាងមុន និងមានដែនចាប់សញ្ញាបានឆ្ងាយជាងមុន ផ្ដល់ល្បឿនថេរល្អ មិនរអាក់រអួល។ ស្មាតហ្វូនថ្មីនេះ មានកម្លាំងថ្ម 3350 ខ្ពស់ជាងថ្មនៅលើស្មាតហ្វូនទំនើបៗបច្ចុប្បន្នដូច iPhone មានត្រឹម 1960mAh, Galaxy S8 មានត្រឹម 3250mAh, Huawei P10 មានត្រឹម 3200mAh, Vivo 9X មានត្រឹម 3000mAh ហើយ Oppo R9s មានត្រឹម 3010mAh ជាដើម។
Mi 6 ពិតជាទំនើប ក្រៅពីសមត្ថភាព hardware ខ្លាំង រីឯការបញ្ចេញសំឡេងរបស់វាក៏ពិសេសដែរ ដោយបានបំពាក់ stereo speaker ផ្នែកខាងលើ និងខាងក្រោម។ Xiaomi Mi 6 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat នឹងមានលក់ក្នុងតម្លៃចាប់ពី ៣៦០ដុល្លារឡើងទៅ។ លោកអ្នកនឹងពេញចិត្តជាមួយសមត្ថភាពកាមេរ៉ាភ្លោះនៅលើស្មាតហ្វូនចេញថ្មីនេះ ដោយអាចផ្ដិតរូបបានយ៉ាងច្បាស់។ ខាងក្រោមនេះគឺជា រូបថតចេញពីកាមេរ៉ារបស់ Xiaomi Mi 6៖
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ MIUI