Samsung ឆ្លើយតបនឹងបញ្ហាអេក្រង់ Galaxy S8 ចេញស្នាមក្រហមព្រឿងៗក្នុងសន្និសីទប្រកាសចំណូលខ្លួន
នៅដើមខែនេះ មានសេចក្ដីរាយការណ៍អះអាងនូវបញ្ហានៅលើ Galaxy S8 ដែលពាក់ព័ន្ធនឹងអេក្រង់ទូរស័ព្ទ គឺមានស្នាមក្រហមព្រឿងៗនៅលើអេក្រង់។ ក្រុមហ៊ុន Samsung បានឆ្កឹះយកបញ្ហាលើអេក្រង់ Galaxy S8 លើកឡើងនៅក្នុងអំឡុងសន្និសីទស្ដីពីប្រាក់ចំណូលប្រចាំត្រីមាសក្រុមហ៊ុន និងបាននិយាយថា ក្រុមហ៊ុនបានធ្វើការឆែកមើលយ៉ាងម៉ត់ចត់លើ Galaxy S8 ហើយមានទំនុកចិត្តទៅលើគុណភាពស្មាតហ្វូនទំនើបរបស់ខ្លួន។
ចំពោះបញ្ហា ក្រុមហ៊ុនបានលើកឡើងថា នេះ "ជាលក្ខណៈធម្មតានៃអេក្រង់ Super AMOLED នោះទេ ដែលវាអាចមានភាពខុសគ្នា នៃការបង្ហាញពណ៌ធម្មជាតិ។ អ្នកប្រើ អាចធ្វើការកំណត់លក្ខណៈពណ៌បាន អាស្រ័យតាមចំណូលចិត្តរបស់ពួកគេ"។
ទោះជាយ៉ាងណា ក្រុមហ៊ុនបានសន្យាថា នឹងធ្វើបច្ចុប្បន្នភាពចំណុចនេះ លើស្មាតហ្វូនជំនាន់ក្រោយៗ ដែលផ្ដល់ជម្រើសឱ្យអ្នកប្រើ អាចធ្វើការកំណត់សភាពពណ៌អេក្រង់បានល្អជាងបច្ចុប្បន្ន ទៅតាមចំណូលភ្នែករបស់គេ។
អ្នកប្រើខ្លះ ក៏បានរាយការណ៍អំពីបញ្ហាពាក់ព័ន្ធនឹងសមត្ថភាពសាកថ្ម Wireless នៅលើ Galaxy S8 ផងដែរ ហើយបញ្ហាគឺអាចពាក់ព័ន្ធទៅនឹងទ្រនាប់ Wireless Charging Pad តែម្ដង ដែលអ្នកខ្លះប្រហែលជាទិញដុំសាកឥតខ្សែគ្មានម៉ាកយីហោត្រឹមត្រូវ និងអន់គុណភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅសប្ដាហ៍នេះ បានប្រកាសរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ នេះ គឺរកចំណូលសរុបបាន ៤៤,៧ពាន់លានដុល្លារអាមេរិក និងចំណេញបានច្រើនបំផុតគឺ ៨,៨ពាន់លានដុល្លារអាមេរិក។ នេះជាតួលេខប្រាក់ចំណេញច្រើនបំផុតលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ Samsung រាប់ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០១៣ ដែលពេលនោះក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន ៨,៩ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ GSMArena