ភ្ជាក់ផ្អើល Apple លក់ iPhone បានតិចជាងមុន តែបែរជាប្រាក់ចំណូលទទួលបានច្រើនជាងមុនទៅវិញ ព្រោះ ...
របាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ Apple បង្ហាញលទ្ធផលឱ្យឃើញថា ក្រុមហ៊ុនអាចលក់ iPhone បាន ៥០,៨លានគ្រឿង ជាមួយប្រាក់ចំណូល ៣៣,២ពាន់លានដុល្លារអាមេរិក។ នេះមិនមានគម្លាតធំសោះឡើយ បើប្រៀបធៀបនឹងរបាយការណ៍ឆ្នាំមុន ដែលតួលេខលក់ iPhone ខ្ពស់ជាងតែ ១% ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺថា ខណៈការលក់ធ្លាក់ចុះ តែប្រាក់ចំណែលបែរជាកើនឡើងទៅវិញ។
ប្រាកដណាស់ តែ ១% ពីប្រាក់ចំណូល ៣២,៩ពាន់លានដុល្លារ ប៉ុន្តែការផ្លាស់ប្ដូរនេះ មានន័យថា បានធ្វើឱ្យ Apple ចំណេញប្រាក់ច្រើនជាងមុន ពីទូរស័ព្ទ iPhone ដែលលក់ចេញកាលពីឆ្នាំមុនៗ។ សំណៅនេះ អាចមានតួលេខជាប់ទាក់ទងនឹងពាណិជ្ជកម្មរបស់ Apple នាអនាគត គឺអាចផ្ដោតលើការបង្រឹងប្រាក់ចំណូល។
យ៉ាងណា គេសង្កេតឃើញការលក់ iPhone 7/ 7 Plus គឺមានសភាពល្អប្រសើរហើយដែរ ហើយ Apple ប្រហែលមិនចាំបាច់បង្ខំរុញច្រានតួលេខលក់រៀងរាល់ឆ្នាំពេកនោះទេ ប្រសិនបើអាចសាងប្រាក់ចំណូលច្រើនជាង តាមរយៈការបង្កើនសមត្ថភាព និងបង្កើនតម្លៃលក់នោះ។ តម្លៃជាមធ្យមនៃការលក់ចេញ iPhone មួយគ្រឿងគឺ ៦៩៥ដុល្លារអាមេរិក នៅត្រីមាសដំបូង ក្នុងឆ្នាំ២០១៧ នេះ ខណៈ ស្ទើរគ្រប់ត្រីមាសកន្លងទៅ គឺមានតម្លៃត្រឹម ៦៥៥ដុល្លារ។ ការបង្កើនថ្លៃនេះ ត្រូវអរគុណដល់ការបង្កើនទំហំអង្គចងចាំ (Memory)។
នាយកប្រតិបត្តិ Apple លោក Tim Cook បានលើកឡើងថា៖ “យើងមានមោទនភាព ទៅនឹងរបាយការណ៍ប្រាក់ចំណូលរឹងមាំ នៅត្រីមាសខែមីនា ដែលមានចំណូលកើនឡើងពីត្រីមាសខែធ្នូ និងបន្តលក់ដាច់ទូរស័ព្ទ iPhone 7 Plus”។ iPhone ជំនាន់ក្រោយ មានចចាមអារ៉ាមថា នឹងបំពាក់ដោយអេក្រង់គែមស្ដើង (bezel-less screen) តែមិនដូចជា Galaxy S8 ទេ ហើយនឹងប្រើប្រភេទអេក្រង់ OLED។ ធាតុផ្សំទាំងពីរនេះ នឹងធ្វើឱ្យ iPhone មានតម្លៃដាក់លក់ខ្ពស់ជាងមុន គឺអាចថ្លៃដល់ ១០០០ដុល្លារ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge