Microsoft ធានាថា កុំព្យូទ័រ Surface ថ្មីរបស់ខ្លួន ដើរលឿនជាង MacBook Air ដល់ទៅ ៥០% ហើយក៏ស្ដើងជាង និងស្រាលជាង តម្លៃតែ $1000
ទីបំផុតក្រុមហ៊ុន Microsoft បានផលិត Laptop ដោយពិតប្រាកដមែនហើយ បន្ទាប់ពីផលិតចេញតែថេប្លេតត្រកូល Surface កន្លងមក។ នេះជាកុំព្យូទ័រយួរដៃ Surface ថ្មីដែល Microsoft ទើបសម្ពោធអំឡុងព្រឹត្តិការណ៍ក្នុងទីក្រុងញូវយ៉ក ហើយវាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ មានមតិខ្លះបានលើកឡើងថា វាជា Laptop ដែលពួកគេចង់ឱ្យ Microsoft បង្កើត។
កុំព្យូទ័រ Surface Bookដែលមានលក់លើទីផ្សារកន្លងមក គឺមានទម្ងន់ធ្ងន់ និងធំជាង ប៉ុន្តែកុំព្យូទ័រ Surface ជំនាន់ថ្មីនេះ មានទម្ងន់មិនដល់ ៣ផោន (១,៣៦គីឡូ) នោះទេ ហើយនឹងផ្ដល់អារម្មណ៍ដល់អ្នកប្រើ ជាកំពូល Laptop មួយ នៅពេលបានប្រើវា។ នេះគួរតែអរគុណដល់ Microsoft ដែលបានផលិត Surface ធ្វើពីសារធាតុអាលុយមីញ៉ូមសុទ្ធសាធ។
https://youtu.be/U6OVpPnhysQ
រឿងដំបូងដែលចាប់អារម្មណ៍ចំពោះកុំព្យូទ័រ Surface ថ្មីនេះ គឺថា គេអាចបើកវាដោយដៃម្ខាងបាន។ យ៉ាងនេះមិនជារឿងថ្មីសម្រាប់កុំព្យូទ័រទំនើបៗសព្វថ្ងៃទេ ប៉ុន្តែអ្វីដែលពិសេសនោះ កុំព្យូទ័រនេះ ក៏អាចឱ្យអ្នក ប្រើវាធ្វើជាថេប្លេតបាន។ នៅពេលចាប់ផ្ដើមវាយកុំព្យូទ័រ (typing) អ្នកនឹងមានអារម្មណ៍ថា មានក្រណាត់ទន់ប្រភេទ alcantara ព័ទ្ធជុំវិញគ្រាប់ចុច key និង trackpad។
Surface Laptop ថ្មីម៉ូដែលស្តង់ដារ នឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១៥ ខែមិថុនា ជាមួយតម្លៃ ៩៩៩ដុល្លារអាមេរិក ដែលបំពាក់នូវអង្គប្រតិបត្តិ Core i5, RAM 4GB អង្គចងចាំ 128GB SSD។ ក្រុមហ៊ុន Microsoft បំពាក់អេក្រង់ ១៣,៥អ៊ីញប្រភេទ PixelSense នៅលើ Surface ថ្មី ដែលផ្ដល់កម្រិតបង្ហាញរូប 2256x1504px ហើយមាននូវប៊ិច Surface Pen និង Touch។
អេក្រង់ Surface ថ្មីមានកម្រិត 3:2 aspect ratio ដូច្នេះវាដូចទៅនឹងអេក្រង់របស់ Surface Pro 4 ឬ Surface Book ដែរ។ ក្រុមហ៊ុន Microsoft បានអះអាងថា កុំព្យូទ័រ Surface ថ្មីរបស់ខ្លួននេះ មានល្បឿនលឿនជាងកុំព្យូទ័រ MacBook Air របស់ Apple ដល់ទៅ ៥០% ហើយកម្រាស់ស្ដើងជាង និងស្រាលជាង ហើយមានកម្លាំងថ្មកាន់បានរយៈពេល ១៤,៥ម៉ោង ដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 10 S៕
ប្រៃសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge