Apple លក់ iPhone ដាច់បាន ៥០,៧លានគ្រឿងនៅត្រីមាសទី២ ចំណែក Samsung ដាច់បាន ៩២,៨លានគ្រឿង
លទ្ធផលហិរញ្ញវត្ថុ សម្រាប់របាយការណ៍សារពើពន្ធនៅត្រីមាសទិ២ ឆ្នាំ២០១៧ របស់ Apple ត្រូវបានប្រកាសហើយ ដោយក្រុមហ៊ុនអាមេរិកនេះ អាចលក់ទូរស័ព្ទ iPhone សរុបបាន ៥០,៧លានគ្រឿង។ បើងាកមកមើល Samsung វិញ ក្រុមហ៊ុនទូរស័ព្ទកូរ៉េនេះ អាចលក់ស្មាតហ្វូន Galaxy S7 / S7 edge របស់ខ្លួនដាច់បាន ៥៥លានគ្រឿង។
ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទីផ្សារ Strategy Analytics ឱ្យដឹងថា ក្រុមហ៊ុន Samsung បានក្ដោបក្ដាប់តួលេខលក់ស្មាតហ្វូនកំពូលរបស់ខ្លួន S7/ S7 edge បានចំនួន ៥៥លានគ្រឿង រាប់ចាប់តាំងពីពេលចេញលក់ មកដល់ពេលនេះ។ ចំណែក តួលេខ ៥០,៧លានគ្រឿងដែល Apple ក្ដាប់បានវិញ គឺមានការធ្លាក់ចុះ ប្រៀបធៀបនឹងការលក់ iPhone នៅត្រីមាសដដែលកាលពីឆ្នាំ២០១៦ ដែលក្រុមហ៊ុនលក់បាន ៥១,២លានគ្រឿង។
របាយការណ៍ដដែលឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានគ្រប់គ្រងចំណែកទីផ្សារលក់ថេប្លេត iPad របស់ខ្លួនបានចំនួន ៨,៩២លានគ្រឿងផងដែរ ដែលជាតួលេខថយចុះផងដែរ ប្រៀបធៀបនឹង ១០,២លានគ្រឿងនៅត្រីមាសដដែល កាលពីឆ្នាំ២០១៦។ លោក Tim Cook នាយកប្រតិបត្តិ Apple បានលើកឡើងថា “យើងមានមោទនភាពចំពោះភាពរឹងមាំនៃរបាយការណ៍សារពើពន្ធត្រឹមខែមីនា ដែលមានប្រាក់ចំណូលកើនឡើងប្រៀបធៀបត្រីមាសខែធ្នូ ហើយបានបន្តរឹងមាំថែមទៀតដោយវត្តមាន iPhone 7 Plus។”
"យើងបានមើលឃើញភាពពេញចិត្តរបស់អតិថិជន ទៅលើម៉ូដែល iPhone 7 ថ្មីពណ៌ក្រហម Special Edition ហើយយើង រំភើបចិត្តចំពោះជំនួញផ្នែកសេវាកម្មរបស់យើង ក៏រកប្រាក់ចំណូលបានខ្ពស់ផងដែរ នៅត្រីមាសរយៈពេល ១៣សប្ដាហ៍កន្លងមកនេះ។ យើងក៏រំភើប ត្រៀមស្វាគមន៍សន្និសីទអ្នកអភិវឌ្ឍកម្មវិធី WWDC នៅខាងក្រោយ ក្នុងទីក្រុង San Jose។"
ការលក់កុំព្យូទ័រ Mac គឺកើនដល់ ៤,១៩លានគ្រឿង ប្រៀបធៀបនឹងត្រីមាសដដែលឆ្នាំមុន ដែលលក់បានត្រឹម ៤,០៣លានគ្រឿង ហើយចំណូលបានពីសេវាកម្មក៏មានការកើនឡើង ១៨% ផងដែរ ដោយអាចរកប្រាក់ចំណូល ៧,០៤ពាន់លានដុល្លារ។
ងាកមកមើលរបាយការណ៍លក់ស្មាតហ្វូន Galaxy S7/ S7 edge របស់ Samsung នៅត្រីមាសទី១ វិញ គឺអាចលក់បានចំនួន ៧,២លានគ្រឿង។ ចំពោះតួលេខលក់ទូរស័ព្ទសរុបគ្រប់ម៉ូដែល របស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ គឺលក់បាន ៩២,៨លានគ្រឿង (ខែមករា ដល់ មីនា) ហើយក្នុងនោះមាន ៨០លានគ្រឿងជាប្រភេទទូរស័ព្ទស្មាតហ្វូន (Smartphone)។ បើគិតជាអត្រាចំណែកទីផ្សារពិភពលោកវិញ គឺស្មើនឹង ២៣% ដែល Samsung អាចក្ដាប់បាន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Apple, Techmeme, theinvestor.co.kr