iPhone SE ស៊េរីថ្មីឆ្នាំនេះ នឹងផ្លាស់ប្ដូររូបរាងឌីហ្សាញក្រាលដោយកញ្ចក់នៅខ្នងទូរស័ព្ទ កាមេរ៉ានិងភ្លើង Flash មានទម្រង់បញ្ឈរ
យើងបានឮដំណឹងជុំវិញទូរស័ព្ទ iPhone ជំនាន់ថ្មីគឺ iPhone 8 មិនតិចនោះទេ ហើយពេលនេះ យើងបានដំណឹងលំអិតខ្លះអំពី iPhone SE ជំនាន់ថ្មីវិញម្ដង។ រូបមួយសន្លឹកត្រូវបានចែកចាយបន្តនៅលើបណ្ដាញអ៊ីនធឺណិត ដែលគេអះអាងថា ជា iPhone SE ស៊េរីថ្មីឆ្នាំ២០១៧ អមជាមួយរូបរាងឌីហ្សាញថ្មី ដោយមានខ្នងទូរស័ព្ទក្រាលដោយកញ្ចក់។
ដូចដែលអ្នកបានឃើញក្នុងរូបថតខាងលើ គេសង្កេតឃើញកាមេរ៉ា និងភ្លើងជំនួយ flash គឺត្រូវបានតម្រៀបបញ្ឈរលើក្រោម មិនដូចម៉ូដែល iPhone SE បច្ចុប្បន្នដែលតម្រៀបតាមជួរដេក ឆ្វេងស្ដាំនោះទេ។ រូបថតថែមទាំងបានបញ្ជាក់នូវប្រភេទកញ្ចក់ដែលក្រាលនៅខ្នងទូរស័ព្ទគឺ Ion-X Glass ជាកញ្ចក់ដែល Apple ប្រើក្នុងការផលិតនាឡិកា Apple Watch។ ដូច្នេះវាអាចត្រូវបានក្រាលនៅផ្នែកខាងក្រោយ ឬទាំងផ្ទៃមុខទូរស័ព្ទផងដែរ។
បើតាមចចាមអារ៉ាមកន្លងទៅថា យើងនឹងមិនបានឃើញ iPhone SE ស៊េរីថ្មីទេ គឺរង់ចាំរហូតដល់ចុងឆ្នាំ២០១៧ ទើប Apple ផលិតម៉ូដែលថ្មី ហើយក៏អាចត្រូវក្រុមហ៊ុនប្រកាសរួមគ្នានឹង iPhone 8 នៅអំឡុងខែកញ្ញា ឬអាចប្រកាសតាមក្រោយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Slashleaks