Windows 10 ​កំពុង​រត់​លើ​ម៉ាស៊ីន ៥០០លាន​គ្រឿង​គិត​ត្រឹម​ខែ​ឧសភា-២០១៧ ហើយ​ ២០១៨ Microsoft ប្រុង​បុក​ឱ្យ​ដល់ ១ពាន់​លាន​ម៉ាស៊ីន​​



ថ្មីៗ​នេះ Microsoft បាន​ធ្វើ​សេចក្ដី​រាយការណ៍​ខ្លះ​ពាក់ព័ន្ធ​នឹង​សមិទ្ធផល​របស់​ក្រុមហ៊ុន​កន្លង​មក នៅ​ក្នុង​សន្និសីទ BUILD។ ក្រុមហ៊ុន​បាន​អះអាង​ថា បច្ចុប្បន្ន​មាន​ម៉ាស៊ីន​ប្រមាណ​ដល់ ៥០០លាន​គ្រឿង កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែល​ជា OS ជំនាន់​ចុងក្រោយ។

នេះ​គឺ​ជា​ការ​បញ្ជាប់​លើក​ដំបូង​ពី Microsoft ផ្ទាល់​អំពី​ចំនួន​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows ជំនាន់​ចុងក្រោយ​របស់​ខ្លួន។ ងាក​ទៅ​មើល​ការ​ប្រកាស​នូវ​តួលេខ​ប្រើប្រាស់ Windows 10 កន្លង​ទៅ​នៅ​ឆ្នាំ២០១៦ ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា មាន​ជាង ៤០០លាន​ម៉ាស៊ីន​បាន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ តែ​មក​ដល់​ពេល​នេះ តួលេខ​បាន​កើន​ដល់ ៥០០លាន​គ្រឿង។ នេះ​អាច​ជា​រឿង​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ឡើយ ព្រោះ Microsoft តែងតែ​ជា​ក្រុមហ៊ុន​ក្ដាប់​ចំណែកទីផ្សារ​ប្រព័ន្ធ​កុំព្យូទ័រ​ធំ​ជាង​គេ​លើ​លោក ដដែល។ Microsoft បាន​ដាក់​គោលដៅ​ពង្រីក​ការ​ប្រើប្រាស់​ប្រព័ន្ធ​សូហ្វ៊ែរ​របស់​ខ្លួន​នេះ ឱ្យ​កើន​ឡើង​ដល់ ១ពាន់​លាន​ម៉ាស៊ីន នៅ​ឆ្នាំ២០១៨ ក្រោយ​នេះ។ មហិច្ឆតា​ដ៏​ធំ​បែប​នេះ Microsoft ប្រហែល​ត្រូវ​តែ​រៀបចំ​យុទ្ធសាស្ត្រ​កាន់តែ​ល្អ​ហើយ​ទើប​បាន ព្រោះ​ខណៈ​ពេល​នេះ ក្រុមហ៊ុន​មាន​ត្រឹម ៥០០លាន​ម៉ាស៊ីន​ប៉ុណ្ណោះ។ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Ubergizmo
X
5s