Apple ចាប់ផ្ដើមដំឡើងទូរស័ព្ទ iPhone នៅឥណ្ឌាហើយ តែជំហានដំបូងគឺផលិតតែ iPhone SE សិន
ក្រុមហ៊ុន Apple បានចាប់ផ្ដើមការដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌា ដែលដំណាក់កាលដំបូងនេះ ទំនងធ្វើឡើងនៅលើម៉ូដែល iPhone តម្លៃទាបជាងគេ គឺ iPhone SE។ សេចក្ដីរាយការណ៍អំពីការបង្កើតចង្វាក់ផលិតកម្ម iPhone ក្នុងប្រទេសឥណ្ឌា គឺមានរយៈពេលយូរមកហើយ ហើយពេលនេះ ក្រុមហ៊ុន Apple បានធ្វើការអះអាងផ្លូវការ ប្រាប់គេហទំព័រ Wall Street Journal ថាចង្វាក់ផលិតកម្មទីបំផុតបានចាប់ផ្ដើមហើយ។
ទូរស័ព្ទ iPhone នឹងទទួលបន្ទុកដំឡើងដោយក្រុមហ៊ុនម៉ៅការរបស់តៃវ៉ាន់ Wistron ហើយនឹងចាប់ផ្ដើមចែកចាយលក់ទៅដល់ដៃអតិថិជននៅទីផ្សារឥណ្ឌាពេលណាមួយក្នុងខែឧសភានេះ។ នេះជាសញ្ញាណបញ្ជាក់ថា Apple កំពុងពង្រីកខ្លួនលើទីផ្សារឥណ្ឌា ដោយការបង្កើតចង្វាក់ផលិតកម្មក្ដោបក្ដាប់ខ្លួនឯង ខណៈចំណែកទីផ្សារនៅឥណ្ឌាហាក់មានសភាពយឺតយ៉ាវ។
ដើម្បីជោគជ័យលើទីផ្សារឥណ្ឌា ដែលមានប្រជាជនប្រមាណ ១,៣ពាន់លាននាក់នោះ ក្រុមហ៊ុនប្រឈមនឹងបរិមាណផលិត និងចែកចាយ។ ស្មាតហ្វូនលក់នៅទីផ្សារឥណ្ឌាមានតម្លៃជាមធ្យម ១៥៥ដុល្លារប៉ុណ្ណោះ ខណៈដែល iPhone SE មួយគ្រឿងតម្លៃដល់ ៣៩៩ដុល្លារ។ បច្ចុប្បន្នទីផ្សារស្មាតហ្វូនឥណ្ឌា ត្រូវបានក្ដោបក្ដាប់ដោយក្រុមហ៊ុនទូរស័ព្ទចិនរហូតដល់ទៅជាង ៥០%។ Samsung គឺជាម៉ាកទូរស័ព្ទល្បី និងមានចំណែកទីផ្សារធំជាងគេ ខណៈដែលចំណែកទីផ្សារ Apple បានមិនដល់ ២% នោះទេ។ នេះក៏មកពីកត្តាតម្លៃ iPhone ខ្ពស់ ហើយទូរស័ព្ទចិន លក់ក្នុងតម្លៃធូរៗ។
ព្រឹត្តិបត្រព័ត៌មាន WSJ បានរាយការណ៍ថា iPhone SE បច្ចុប្បន្នត្រូវបានហាងលក់រាយនៅឥណ្ឌាដាក់លក់ត្រឹម ៣២០ដុល្លារ តែទោះជាយ៉ាងណា រដ្ឋាភិបាលសង្ឃឹមថា តម្លៃទូរស័ព្ទរបស់ Apple នេះ នឹងចុះ ១០០% ទៀត៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge