iPhone 8 មិនទាន់ចេញផ្លូវការផង អតិថិជន Apple ប៉ងចាំទិញប្រើស្ទើរគ្រប់គ្នាទៅហើយ ទោះតម្លៃ $1000 ក៏ដោយ
សេចក្ដីរាយការណ៍កន្លងមកសុទ្ធតែលើកឡើងថា iPhone 8 នឹងមានតម្លៃក្នុងរង្វង់ ១០០០ដុល្លារ នៅពេលមានលក់ចុងឆ្នាំ២០១៧ នេះ។ ថ្វីបើយ៉ាងនេះក្ដី ក៏មានមតិអ្នកគាំទ្រផលិតផល Apple ជាច្រើន គឺបានចាប់អារម្មណ៍ មិនរាថយក្នុងការតាំងចិត្តដើម្បីក្លាយជាងម្ចាស់ iPhone ទំនើបនេះទេ។
តាមលទ្ធផលស្ថិតិថ្មីមួយដោយក្រុមហ៊ុនវិភាគទីផ្សារ Morgan Stanley បង្ហាញថា មាន ៩២% នៃអ្នកកំពុងប្រើ iPhone ស៊េរីមុនៗ ឬបច្ចុប្បន្ន ពួកគេមានបំណងប្ដូរទៅប្រើ iPhone ជំនាន់ថ្មី ឬ iPhone 8 នេះ យ៉ាងយូរនៅរយៈពេល ១២ខែទៀត។ ៩២% គឺជាអត្រាដ៏ខ្ពស់មួយ សម្រាប់ជាឆ្អឹងទទឹងករបស់ Samsung ខណៈក្រុមហ៊ុនអេឡិចត្រូនិកយក្សប្រចាំនៅកូរ៉េខាងត្បូងទទួលបានត្រឹម ៧៧%។ ចំណែក LG មាន ៥៩%, Motorola មាន ៥៦% ហើយ Nokia មាន ៤២%។
វាជាដំណឹងដ៏រីករាយមួយសម្រាប់ក្រុមហ៊ុន Apple ដែលមានអ្នកគាំទ្រស្មាតហ្វូនរបស់ខ្លួន បើទោះបីរូបរាងពិតរបស់ iPhone 8 មិនទាន់បង្ហាញខ្លួនផ្លូវការក៏ដោយ។ កន្លងទៅមានមតិត្អូញត្អែរខ្លះថា iPhone 7 ពុំទាន់ជាស្មាតហ្វូនទទួលបានបច្ចុប្បន្នភាពច្រើន តាមតម្រូវការចង់បានរបស់អតិថិជននៅឡើយ។
រូបរាង iPhone 8 អាចនឹងស្រដៀងច្រើនទៅនឹង Galaxy S8 របស់ Samsung ពោលគឺនឹងមានគែមអេក្រង់យ៉ាងស្ដើង (edge-to-edge display) ហើយគ្មានប៊ូតុង Home។ តាមចចាមអារ៉ាមកន្លងទៅលើកឡើងថា iPhone 8 នឹងត្រូវក្រុមហ៊ុនឌីហ្សាញក្រាលដោយកញ្ចក់ប្រភេទ glass-sandwich ហើយគាំទ្រមុខងារសាកថ្មឥតខ្សែ wireless charging ក៏ដូចជាប្រើប្រាស់អេក្រង់កោងប្រភេទ OLED ដែលផលិតដោយ Samsung មានទំហំ ៥,៨អ៊ីញ និងអមមកជាមួយមុខងារច្រើនសំបូរបែបថែមទៀត៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot