Apple ​​ឈប់​ផលិត​ចេញ iPad Mini តទៅទៀត​ហើយ?​



ក្រុមហ៊ុន Apple ​នឹង​ប្រកាស​ចេញ iPad Pro ​ស៊េរី​ថ្មី អេក្រង់ ១០,៥អ៊ីញ នៅ​ក្នុង​សន្និសីទ WWDC ខែ​មិថុនា​ខាង​មុខ ហើយ​ពេល​នេះ មាន​ចចាមអារ៉ាម​ថា Apple នឹង​ឈប់​ផលិត​ថេប្លេត​អេក្រង់​តូច​ស៊េរី iPad Mini ទៀត​ហើយ។ យោងតាម​របាយការណ៍​ថ្មី​នេះ ពី​គេហទំព័រ BGR ឱ្យ​ដឹង​ថា Apple ​កំពុង​ពិចារណា​គម្រោង​​ឈប់​ផលិត​ iPad Mini របស់​ខ្លួន ហើយ​ថេប្លេត​នេះ នឹង​អាច​ត្រូវ​ក្រុមហ៊ុន​ដក​ចេញ​ពី​ផលិតកម្ម។ iPad Mini ជា​ថេប្លេត​អេក្រង់​តូច ៧,៩អ៊ីញ ​ខណៈ​បច្ចុប្បន្ន Apple ទំនង​ចង់​ពង្រីក​ទំហំ​អេក្រង់​លើ iPhone 8 ​អាច​មាន​ទំហំ​ដល់ ៥,៨អ៊ីញ។ បើ​វា​ជា​ការ​ពិត​មែន នោះ​អាច​បញ្ជាក់​ជំហរ​របស់ Apple បាន ដែល​ក្រុមហ៊ុន​ចង់​ផ្ដោត​ផលិត​ឧបករណ៍​មាន​អេក្រង់​ធំៗ ជាជាង​អេក្រង់​តូច ជាក់ស្ដែង iPad Mini ជាដើម។ ក្រុមហ៊ុន Apple ត្រូវ​គេ​រំពឹង​ថា នឹង​ផលិត​ចេញ iPad Pro ម៉ូដែល​ថ្មី​ក្នុង​ឆ្នាំ​នេះ ដែល​មាន​អេក្រង់​ទំហំ ៩,៧អ៊ីញ, ១០,៥អ៊ីញ និង អេក្រង់ ១២,៩អ៊ីញ ​ហើយ​យើង​អាច​នឹង​ឃើញ​វត្តមាន iPad ​ថ្មី​នេះ បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ក្នុង​សន្និសីទ WWDC របស់ Apple ​នៅ​ខែ​មិថុនា​ខាង​មុខ។ Apple អាច​នឹង​សម្រេចចិត្ត ឈប់​ផលិត iPad Mini តទៅ​ទៀត ឬ​អាច​សម្រេច​បន្ត​ដាក់​លក់​លើ​ទីផ្សារ​មួយ​រយៈពេល​ទៀត ដោយ​មិន​ផ្ដល់​នូវ​បច្ចុប្បន្នភាព hardware ​នោះ​ទេ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ BGR
X
5s