Amazon ​ចេញ​ថេប្លេត​ស៊េរី​ថ្មី​ម្ដង​ពីរ Fire 7 និង Fire HD 8 ​អម​ដោយ​មុខងារ​ទំនើប Alexa តម្លៃ​​ចាប់ពី $50 ប៉ុណ្ណោះ​



ក្រុមហ៊ុន Amazon ថ្មីៗ​នេះ ទើប​ប្រកាស​ចេញ​សមិទ្ធផល​ថេប្លេត​ស៊េរី​ថ្មី​ម្ដង​ពីរ​ម៉ូដែល​គឺ Amazon Fire 7 និង Amazon HD 8 ​អម​ដោយ​មុខងារ​ទំនើប Amazon Alexa ​មក​ស្រាប់។ Amazon Fire 7 គឺ​ភ្ជាប់​មក​ជាមួយ​អេក្រង់​ទំហំ ៧អ៊ីញ​ប្រភេទ IPS ចំណែក Amazon Fire HD 8 ​វិញ មាន​អេក្រង់​ទំហំ ៨អ៊ីញ ​ហើយ​មាន​ទំហំ​អង្គ​ចងចាំ 16GB ​ដែល​នឹង​មាន​លក់​ក្នុង​តម្លៃ​ត្រឹម ៧៩,៩៩ដុល្លារ​អាមេរិក។

ថេប្លេត​ពេញ​និយម​ស៊េរី Fire 7 ​ថ្មី​នេះ មាន​កម្រាស់​ស្ដើង​ជាង​មុន និង​ស្រាល​ជាង​មុន ក៏​ដូច​ជា​បាន​ការ​កែលំអ​លើ​អេក្រង់ ៧អ៊ីញ IPS មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​ជាង​មុន និង​បង្ហាញ​តួ​អក្សរ​ច្បាស់​ល្អ​ជាង​មុន ក៏​ដូច​ជា​មាន​កម្លាំង​ថ្ម​វែង​ជាង​មុន អាច​កាន់​បាន​រយៈពេល ៨ម៉ោង មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ​និង​អាច​បន្ថែម microSD ​បាន​ដល់ 256GB ​ហើយ​មាន​ប្រព័ន្ធ​តំណភ្ជាប់ Wi-Fi ល្អ​ជាង​មុន បូក​រួម​ទាំង​ការ​គាំទ្រ​មុខងារ Alexa ​ដែល​មាន​តម្លៃ​ត្រឹម ៤៩,៩៩ដុល្លារ​ប៉ុណ្ណោះ។

​ចំណែក Fire HD 8 វិញ គឺ​ជា​ថេប្លេត​ជំនាន់​ថ្មី​មួយ​ទៀត​របស់ Amazon ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ត្រកូល Fire 7។ វា​មាន​អេក្រង់​ទំហំ ៨អ៊ីញ HD ​ជាមួយ​កម្រិត​ភិចហ្សែល​ជាង ១លាន បំពាក់​អង្គ​ប្រតិបត្តិ quad-core ​មាន​កម្លាំង​ថ្ម​អាច​ប្រើ​បាន​រយៈពេល ១២ម៉ោង និង​មាន​ទំហំ​អង្គ​ចងចាំ 16GB ក៏​អាច​បន្ថែម microSD ទំហំ​ដល់ 256GB ​អម​ដោយ​មុខងារ Alexa ​ផង​ដែរ។ តម្លៃ Fire HD 8 ខ្ពស់​ជាង Fire 7 ​គឺ ៧៩,៩៩ដុល្លារ។ ថេប្លេត​ថ្មី​ទាំង​ពីរ​ស៊េរី​នេះ នឹង​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ពី​ថ្ងៃ​នេះ​ទៅ​ហើយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Amazon
X
5s