រថយន្តប្រើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Apple Car បង្ហាញខ្លួននៅក្នុងវីដេអូពេលកំពុងធ្វើតេស្តនៅអាមេរិក
ថ្មីៗនេះ យើងទទួលបានដំណឹងមកថា Apple បានចាប់ផ្ដើមធ្វើតេស្តរថយន្តប្រើប្រាស់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ self-driving របស់ Apple នៅលើផ្លូវសហរដ្ឋអាមេរិក ហើយពេលនេះ រថយន្តត្រូវបានថតជាប់នៅក្នុងវីដេអូ។ តើវា មានសមត្ថភាព និងផ្ដល់សុវត្ថិភាព ក្នុងការបើកបរ ដោយមិនចាំបាច់កាន់ដៃចង្កូតកម្រិតណា?
គេហទំព័រ MacRumors បានចុះផ្សាយថា Andrew បានថតវីដេអូ នូវរថយន្តស្វ័យប្រវត្តិដែលប្រើបច្ចេកវិទ្យា Apple Self-driving។ សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/DtQcNHw-w8M
ក្រុមហ៊ុន Apple កាលពីពេលកន្លងទៅ មានគម្រោងផលិតរថយន្ត Apple Car ដោយខ្លួនឯង មានន័យថា ជាអ្នកផលិត Hardware ប៉ុន្តែក្រោយមក គឺមានការផ្លាស់ប្ដូរគម្រោងទៅជាអភិវឌ្ឍតែផ្នែកសូហ្វ៊ែរ សម្រាប់គាំទ្របច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិបំពាក់នៅលើរថយន្តរបស់ក្រុមហ៊ុនជាដៃគូសហការវិញ។ Apple ត្រូវបានអនុញ្ញាតពី DMV នៅអាមេរិក កាលពីខែមុន ដែលជាការអនុញ្ញាតឱ្យក្រុមហ៊ុន អាចដាក់ឱ្យរថយន្តភ្ជាប់បច្ចេកវិទ្យា Apple Self-driving បើកបរសាកល្បងនៅលើដងផ្លូវសាធារណក្នុងសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍ និងបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិនៅលើស៊េរីរថយន្ត Lexus RX450h SUVs ជាមួយរ៉ាដាមួយចំនួន ក៏ដូចជាកាមេរ៉ា និង Velodyne 64-channel lidar អមជាមួយសូហ្វ៊ែររបស់ Apple ផ្ទាល់។ ក្រុមហ៊ុនមិនទាន់អះអាងអំពីគម្រោង ដែលពួកគេផ្ដល់ចេញនូវប្រព័ន្ធសូហ្វ៊ែររថយន្តបើកបរស្វ័យប្រវត្តិ ឬ hardware នោះឡើយ។ ឆាប់ៗខាងមុខ យើងនឹងដឹងពីព័ត៌មានលំអិត ហើយនឹងធ្វើការចុះផ្សាយជាបន្ត៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ MacRumors