Apple ​នឹង​ធ្វើ​ការ Live ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍ WWDC 2017 របស់​ខ្លួន ដែល​រំពឹង​នឹង​ឃើញ​វត្តមាន MacBook និង iPad Pro ស៊េរី​ថ្មី​



Apple បាន​បញ្ជាក់​អំពី​ការ​ត្រៀមខ្លួន​នៅ​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី​ពិភពលោក WWDC ឆ្នាំ២០១៧ នេះ​នៅ​ថ្ងៃ​ទី០៥ ខែ​មិថុនា ​ខាង​មុខ ហើយ​ពេល​នេះ ក្រុមហ៊ុន​ម្ចាស់​ទូរស័ព្ទ​ម៉ាក​ល្បី iPhone នេះ ក៏​បាន​ប្រកាស នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ (live stream) ពី​ព្រឹត្តិការណ៍​ទាំងមូល​ផង​ដែរ។ សាធារណៈ​ជន កំពុង​ទន្ទឹង​រង់ចាំ​មើល​សមិទ្ធផល​ថ្មីៗ ដែល​អាច​ត្រូវ Apple សម្ពោធ​ក្នុង​ព្រឹត្តិការណ៍ WWDC 2017 នេះ ក្នុង​នោះ គេ​រំពឹង​ថា ក្រុមហ៊ុន​នឹង​ណែនាំ​មុខងារ​សូហ្វ៊េរ​ថ្មីៗ ដូច​ជា Siri Speaker សម្រាប់​ប្រកួតប្រជែង​នឹង Amazon Echo និង​មុខងារ​សូហ្វ៊ែរ​ផ្សេងៗ​ទៀត។ គេ​រំពឹង​ទៀត​ថា ក្នុង​ព្រឹត្តិការណ៍​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​ឆ្នាំ​មាន​ម្ដង​នេះ ក៏​នឹង​ត្រូវ Apple សម្ពោធ​ចេញ​កុំព្យូទ័រ MacBook ​ស៊េរី​ថ្មី​ផង​ដែរ គឺ MacBook Pro ​និង MacBook Airs ស៊េរី​ថ្មី។ ​ចំណែក​ផលិតផល​ថ្មី​ដទៃ​ទៀត អាច​នឹង​ត្រូវ​វែកមុខ​ដំណាលគ្នា​នោះ គឺ​ជា​ថេប្លេត iPad Pro ​ជំនាន់​ចុងក្រោយ មាន​អេក្រង់ ១០,៥អ៊ីញ​ដំបូង ហើយ​ក៏​អាច​ប្រកាស​រួម​គ្នា​ជាមួយ iPad Pro អេក្រង់ ១២,៩អ៊ីញ និង ៩,៧អ៊ីញ​ផង​នៅ​ក្នុង​ព្រឹត្តិការណ៍​ផង​ដែរ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ MacRumors
X
5s