ស្វែងយល់៥ចំណុច ជាដើមហេតុដែលបង្កឲ្យមានខ្យល់ដង្ហើមមាត់មិនល្អ​



ខ្យល់​ដង្ហើម​មាត់​មិន​ល្អ​អាច​ជា​រឿង​ធម្មតា បើ​អ្នក​ទើប​នឹង​ទទួលទាន​ម្ហូប​អាហារ​ណា​ដែល​នាំ​មក​នូវ​ក្លិន​ដង្ហើម​មិន​ល្អ។ យ៉ាងណាមិញ ប្រសិន​បើ​វា​កើតឡើង​ជា​ញឹកញាប់ ជា​ប្រការ​គួរ​ឲ្យ​កត់​សម្គាល់ នោះ​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ធ្មេញ ព្រោះ​ថា​ខ្យល់​ដង្ហើម​មិន​ល្អ​ជា​ញឹកញាប់ វា​អាច​កំពុង​តែ​ព្យាយាម​បង្ហាញ​អ្នក​ថា​ប្រព័ន្ធ​ខាងក្នុង​របស់​អ្នក​ត្រង់​ណាមួយ​មាន​បញ្ហា​ហើយ។

ដូច្នេះ តាមរយៈ​ចំណុច​ទាំង​៥​ខាងក្រោម​នេះ អ្នក​អាច​ស្វែងយល់​ថា​តើ​មូលហេតុ​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​ខ្យល់​ដង្ហើម​មិន​ល្អ​ដល់​អ្នក៖

១) មិន​មាន​ទម្លាប់​សម្អាត​មាត់​ធ្មេញ​ត្រឹមត្រូវ៖ ក្រោយ​ពី​ទទួល​ទាន​អាហារ​មួយ​ចំនួន កម្ទេច​អាហារ​តូចៗ​បង្កប់​នៅ​ក្នុង​ចន្លោះ​ធ្មេញ​របស់​អ្នក ដែល​សុទ្ធតែ​ជា​បាក់តេរី​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​ប្រសិន​បើ​អ្នក​មិន​ប្រញាប់​សម្អាត​វា​ចេញ​ដោយ​ការ​ដុស​ធ្មេញ ឬ​ប្រើ​ខ្សែ​រូត​ធ្មេញ ឬ​ក៏​ទឹក​ខ្ពុរ​មាត់ និង​អណ្ដាត​ផង​ដែរ ពុំ​នោះ​ទេ​បន្តិច​ម្ដងៗ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ទៅ​ដល់​ក្លិន​ដង្ហើម​របស់​អ្នក​នោះ​ទេ តែ​ថែម​ទាំង​បង្ក​ជា​ដង្កូវ​ស៊ី​ធ្មេញ និង​ពុក​ធ្មេញ​មិន​ខាន។

២) ការ​ជក់​បារី៖ មិន​ថា​តែ​ចំពោះ​បារី សូម្បី​តែ​ថ្នាំ​ជក់​ក៏​ដោយ សុទ្ធតែ​ជា​មូលហេតុ​នៃ​ខ្យល់​ដង្ហើម​មិន​ល្អ​ដល់​អ្នក​ជក់ ជាពិសេស​ពួកគេ​ច្រើន​តែ​ប្រឈម​មុខ​នឹង​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ។

៣) ស្ងួត​មាត់៖ ស្ងួត​មាត់​តែង​កើតឡើង​នៅ​ក្រោយ​ពេល​យើង​ភ្ញាក់​ពី​គេង ដែល​ជា​រឿង​ធម្មតា​របស់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ។ ប៉ុន្តែ​បើ​ក្នុង​ពេល​ផ្សេង​ពី​នេះ​ក៏​មាត់​អ្នក​ស្ងួត​ដែរ នេះ​អាច​បញ្ជាក់​ថា​ក្រពេញ​ទឹកមាត់​របស់​អ្នក​មាន​ភាព​មិន​ប្រក្រតី​អ្វី​មួយ​ហើយ ឬ​អាច​ជា​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ក៏​ថា​បាន ដែល​អ្នក​គួរ​ជួប​ពិភាក្សា​ជាមួយ​ពេទ្យ​ជំនាញ​សុខភាព​មាត់​ធ្មេញ។

៤) ការ​ឆ្លង​មេរោគ​នៅ​ក្នុង​មាត់៖ មេរោគ​អាច​ឆ្លង​មក​ដោយ​ការ​ដក​ធ្មេញ ជំងឺ​ពុក​ធ្មេញ ជំងឺ​អញ្ចាញ​ធ្មេញ ហើយ​ក្រោយ​ពេល​អ្នក​ទទួល​ការ​វះកាត់​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​មាត់ ដែល​បង្ក​ជា​ស្នាម​របួស​ពី​ការ​វះកាត់ ក៏​ជា​ប្រភព​នៃ​ក្លិន​មាត់​មិន​ល្អ​ដែរ។

៥) ស្ថានភាព​ជំងឺ​ផ្សេងៗ៖ ជំងឺ​តូចតាច​ដូចជា​រលាក​ច្រមុះ រន្ធ​ច្រមុះ ឬ​បំពង់​ក រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​មហារីក ប្រព័ន្ធ​រំលាយ​អាហារ​ប្រព្រឹត្ត​ទៅ​មិន​ប្រក្រតី និង​ការ​ច្រាល​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ក៏​បង្ក​ជា​ក្លិន​មាត់​មិន​ល្អ​ចេញ​មក​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mayoclinic

X
5s