សហស្ថាបនិក Microsoft បង្អួតចេញយន្តហោះ Aircraft ខ្នាតយក្សធំបំផុតលើលោក ស្លាបប្រវែង ១១៧ម៉ែត្រ ទម្ងន់ ៥០ម៉ឺនផោន (Video)
លោក Paul Allen មហាសេដ្ឋីខាងផ្នែកជំនួញ ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoftដូចលោក Bill Gates ដែរនោះ ថ្មីៗនេះ បានបង្ហាញចេញយន្តហោះទំហំធំបំផុតលើលោក ដ៏អស្ចារ្យ។ ក្រុមហ៊ុនបង្កើតថ្មីរបស់លោកដែលមានឈ្មោះ Stratolaunch System បានប្រកាសចេញយន្តហោះប្រភេទ aircraft មានកង់ចំនួន ២៨ ឥឡូវនេះ ត្រូវបានដាក់ឱ្យធ្វើតេស្តហោះហើរសាកល្បងហើយ។
នេះជាការហោះហើរសាកល្បង ដោយប្រើឥន្ធនៈដូចយន្តហោះទូទៅ នៃយន្តហោះខ្នាតយក្សឈ្មោះ Stratolaunch របស់ក្រុមហ៊ុនលោក Paul Allen ដែលជាមហាសេដ្ឋីប្រាក់វាល់លានដុល្លារ។ សម្រាប់ទម្ងន់ទទេ មិនទាន់បញ្ចូលសាំង យន្តហោះ Stratolaunch មានទម្ងន់ ៥០០០០០ផោន ហើយបើសរុបទម្ងន់រួមទាំងចំណុះសាំង និងការផ្ទុកទម្ងន់ផ្សេងៗនោះ ទម្ងន់របស់វាអាចឡើងដល់ ១,៣លានផោន ដែលស្មើនឹងប្រហែល ៥៨៩,៦៧តោនឯណោះ។
https://youtu.be/BEHIv08Eh_8
យន្តហោះ Aircraft ធំបំផុតនេះ ប្រើប្រាស់ម៉ាស៊ីន Boeing 747 ចំនួន៦ និងបំពាក់ស្លាបយន្តហោះកាត់ទទឹង ប្រវែង ១១៧ម៉ែត្រ មានបណ្ដោយប្រវែង ៧២ម៉ែត្រ កន្ទុយយន្តហោះមានកម្ពស់ ១៥ម៉ែត្រ ហើយអាចទ្រទ្រង់ការហោះហើរបានរយៈចម្ងាយ ២០០០ម៉ាយល៍ ឬប្រហែល ៣២១៨គីឡូម៉ែត្រ។ យន្តហោះ Aircraft ដ៏ធំមហិមានេះ អាចនឹងមានតម្លៃដល់ ៣០០លានដុល្លារអាមេរិក។
Stratolaunch ត្រូវបានឌីហ្សាញសម្រាប់ការ បញ្ជូនផ្កាយរណប (satellites) ទៅក្នុងលំហ ក្នុងគន្លងផែនដីទាប។ ប្រៀបធៀបនឹងការបញ្ជូនផ្កាយរណបទៅក្នុងលំហដោយប្រើគ្រាប់ Rocket បញ្ឈរ ដូច្នេះវិធីសាស្ត្រនេះ គឺមានតម្លៃធូរថ្លៃជាង និងមានប្រសិទ្ធភាពជាង៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot