ទីបំផុត Apple ប្រកាសចេញ iPad Pro ស៊េរីថ្មីភ្ជាប់អេក្រង់ ១០,៥អ៊ីញលើកដំបូង ដំណាលនឹង iPad Pro អេក្រង់ ១២,៩អ៊ីញ
ស៊េរីថេប្លេត iPad Pro របស់ Apple ទើបត្រូវក្រុមហ៊ុនអាមេរិកនេះ ធ្វើបច្ចុប្បន្នភាព ដោយបន្ថែមលក្ខណៈសម្បត្តិ និងមុខងារថ្មីៗមួយចំនួន ហើយអ្វីដែលខុសប្លែកនោះ គឺនៅលើទំហំអេក្រង់ថ្មី ទំហំ១០,៥អ៊ីញ។ iPad Pro អេក្រង់ ១០,៥អ៊ីញមានរូបរាងស្លីម គែមស្ដើងជាងមុន និងមានទម្ងន់ស្រាល ហើយតួរបស់វាផលិតពីលោហធាតុ។ ស្របគ្នានោះ Apple ក៏បានសម្ពោធ iPad Pro អេក្រង់ ១២,៩អ៊ីញដំណាលគ្នាផងដែរ។
iPad Pro ស៊េរីថ្មីនេះ ប្រើប្រាស់អេក្រង់ True Tone ផ្ដល់រូបភាពច្បាស់ និងកូល័រដិតល្អ មានមុខងារ wide color gamut, ultralow reflectivity និងមានកម្រិតពន្លឺ 600nit ក៏ដូចជា HDR។ អ្វីដែលជាការអាប់ដេតសំខាន់ជាងគេនោះ ប្រហែលជាកម្រិត refresh នៃក្រាហ្វិកដែលវាមានអត្រា 120Hz លើអេក្រង់ថ្មីរបស់ iPad Pro នេះ។ iPad Pro ស៊េរីថ្មីទាំងពីរ មានវត្តមានជាមួយប៊ិច Apple Pencil ហើយមានកម្លាំងថ្មអាចប្រើបានរយៈពេល ១០ម៉ោង។ អ្វីពិសេសទៀតនោះ iPad Pro ស៊េរីថ្មី បានភ្ជាប់នូវមុខងារសាកថ្មឆាប់ពេញ Fast Charge ដែលអាចសាកថ្មបានរហ័ស។
ថេប្លេតថ្មីនេះ បំពាក់មកជាមួយបន្ទះឈីប Apple A10X Fusion និងមាន 6-core CPU ហើយក្រាហ្វិក 12 GPU ចំនួន១។ ក្រុមហ៊ុន Apple បាននិយាយថា អង្គប្រតិបត្តិ (CPU) គឺមានសមត្ថភាពជាងមុន ៣០% ហើយ GPU មានសមត្ថភាពជាងមុន ៤០%។ iPads ថ្មី ថែមទាំងត្រូវកែលំអលើគុណភាពកាមេរ៉ាល្អជាងមុនផងដែរ ពោលគឺបានប្រើប្រាស់កាមេរ៉ាដូចនៅលើ iPhone 7។ មានន័យថា iPad Pro ថ្មីមានកាមេរ៉ា 12MP sensor និងមាន f/1.8 lens អមជាមួយមុខងារ OIS និងមានកាមេរ៉ាមុខ FaceTime HD ទំហំ 7MP។
iPad Pro ថ្មីដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 11 អមជាមួយមុខងារថ្មីៗមួយចំនួន។ ក្នុងនោះក៏មានគាំទ្រមុខងារ drag and drop និងកម្មវិធី multi-window, iOS dock, កម្មវិធី switcher ថ្មីដែលមាន multi-select។ សូហ្វ៊ែរថ្មីល្អផ្សេងទៀត នៅលើ iPad Pro រួមមាន៖ full sized keyboard, Multi-select និងកម្មវិធី File ថ្មីរបស់ Apple ផងដែរ។ iPad Pro ថ្មីទាំងពីរ នឹងត្រូវដាក់ឱ្យបញ្ជាទិញចាប់ពីថ្ងៃនេះ ក្នុងតម្លៃចាប់ពី ៦៤៩ដុល្លារ សម្រាប់ទំហំ 64GB។ សម្រាប់ម៉ូដែលអេក្រង់ ១០,៥អ៊ីញ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena