Dell ​សម្ពោធ Monitor កោង​ទំនើប U3818DW ​ទំហំ ៣៨អ៊ីញ ស័ក្ដិសម​សម្រាប់ Gamer តម្លៃ ១៤៩៩ដុល្លារ​​



​ថ្មីៗ​នេះ ក្រុមហ៊ុន Dell ទើប​សម្ពោធ​ចេញ​អេក្រង់​កុំព្យូទ័រ​ជំនាន់​ថ្មី មាន​លក្ខណៈ​ពិសេស​ត្រង់​ថា វា​ជា​អេក្រង់​កោង ប្រភេទ UltraSharp ​ទំហំ ៣៨អ៊ីញ។ អេក្រង់​ថ្មី​របស់​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​កុំព្យូទ័រ​របស់​អាមេរិក​នេះ មាន​ម៉ូដែល U3818DW ​ជា Curved Monitor យ៉ាង​ទំនើប។ ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ស៊េរី​ថ្មី និង​ទំនើប កម្រិត 4K Ultra HD Laser Projector រួច ដែល​អាច​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ក្នុង​ទំហំ​ដល់ ១០០អ៊ីញ ក្រុមហ៊ុន​មិន​បង្អង់​យូរ ក៏​បាន​បង្អួត​ចេញ​សមិទ្ធផល​ថ្មី ដែល​ជា​អេក្រង់​កោង ប្រភេទ UltraSharp ​មាន​ទំហំ ៣៨អ៊ីញ ដែល​នឹង​មាន​លក់​ក្នុង​តម្លៃ ១៤៩៩ដុល្លារ​អាមេរិក។ ក្រុមហ៊ុន Dell ​បាន​ឌីហ្សាញ​ Monitor កោង​ទំនើប​នេះ​ឡើង មាន​កម្រិត​បង្ហាញ​រូប​ដល់ WQHD ​ដែល​មាន​ភាព​ច្បាស់​ម៉ត់​ល្អ ដល់​ទៅ ២៥% ខ្ពស់​ជាង​ការ​បង្ហាញ​រូប​នៅ​លើ​អេក្រង់ WQHD ដូច​គ្នា​តែ​ខុស​ទំហំ​គ្នា​ត្រង់​ទំហំ ត្រឹម ៣៤អ៊ីញ​កម្រិត 21:9 monitor។ ​Monitor ​ថ្មី​នេះ មាន​នូវ​រន្ធ USB Type-C ​កម្រិត 100W ​សម្រាប់​បញ្ជូន​ថាមពល សម្រាប់​សំឡេង និង​រូបភាព រវាង​ Laptop និង Monitor។ វា​ក៏​បាន​បញ្ចូល​នូវ Speaker ​មួយ​គូ កម្រិត 9W មក​ជាមួយ​ផង​ដែរ នឹង​ធ្វើ​ឱ្យ​ការ​ទស្សនា​ខ្សែភាព​យន្ត ឬ​វីដេអូ​ខារ៉ាអូខេ អាច​ស្ដាប់​បាន​យ៉ាង​ជក់ចិត្ត ហើយ​ក៏​បង្ហាញ​រូបភាព​បាន​ច្បាស់​ដិត​ល្អ​បែប​ធម្មតា​ក្នុង​ប្រភេទ​ពណ៌ sRGB។ អេក្រង់​ Monitor ថ្មី​របស់ Dell នេះ ក៏ស័ក្ដិសមសម្រាប់​លោក​អ្នក​ដែល​ចូលចិត្ត​កម្សាន្ត​ហ្គេម​ផងដែរ ដែល​នឹង​រឹតតែ​ផ្ដល់​បទពិសោធន៍​គួរ​ជា​ទី​ពេញចិត្ត ជាមួយ​បច្ចេកវិទ្យា​ថ្មី​របស់ Dell។ Dell UltraSharp អេក្រង់ ៣៨អ៊ីញ​ម៉ូដែល U3818DW នឹង​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី២៣ មិថុនា​នេះ ក្នុង​តម្លៃ​ប្រហែល ១៤៩៩ដុល្លារ​អាមេរិក៕ ​ប្រែ​សម្រួល ៖ រឹទ្ធិរាជ ប្រភព៖ Dell
X
5s