តាម iFixit ទើបគាស់ iPad Pro 10.5 ឃើញមាន RAM 4GB និងអ្វីផ្សេងទៀតដែលអ្នកចង់ដឹង
យើងបានឃើញវីដេអូណែនាំអំពីថេប្លេតស៊េរីថ្មីរបស់ Apple រួចហើយ ដែលជា iPad Pro អេក្រង់ ១០,៥អ៊ីញមិនធ្លាប់មាន ហើយពេលនេះ យើងនឹងមកត្រួតពិនិត្យមើលគ្រឿងក្នុងរបស់ថេប្លេតទំនើបនេះវិញម្ដង ថាតើមានលក្ខណៈសម្បត្តិកម្រិតណាខ្លះ?
ថ្មីៗនេះ ក្រុម iFixit បាន ឆែកមើលឃើញនូវលក្ខណៈសម្បត្តិ hardware នៅលើថេប្លេត iPad Pro អេក្រង់ ១០,៥អ៊ីញរបស់ Apple។ ក្រុមជំនាញខាងដោះមើលគ្រឿងគ្រៅឧបករណ៍អេឡិចត្រូនិកទើបចេញថ្មីៗ នេះ បានគាស់ iPad Pro ស៊េរីថ្មីនេះ និងបានរកឃើញថា វាត្រូវបាន Apple បំពាក់អេក្រង់ប្រភេទ LED display អមជាមួយកម្រិត 264ppi និងមានទំហំ resolution 2224x1668px។
iPad Pro ថ្មីនេះ ថែមទាំងត្រូវគេរកឃើញ បានប្រើប្រាស់បន្ទះឈីប A10X របស់ Apple ជាមួយ M10 motion coprocessor ហើយវា ជម្រើសមេម៉ូរី 64GB, 256GB និង 512GB។ ក្រៅពីនេះ គេថែមទាំងបានរកឃើញ វាបំបាក់នូវកាមេរ៉ាក្រោយទំហំ 12MP ហើយកាមេរ៉ាមុខទំហំ 7MP។ អ្វីដែលយើងមិនបានដឹង គឺជាទំហំ RAM នៅលើ iPad Pro 10.5 ព្រោះ Apple មិនបានបញ្ជាក់ក្នុងពិធីសម្ពោធនោះឡើយ។ ឥឡូវនេះ ជាដំណឹងល្អ ដោយមានការបញ្ជាក់ដោយក្រុមការងារ iFixit ហើយ គឺបានរកឃើញ វាមាន RAM ទំហំ 4GB ដោយក្នុងនោះ បានបែងចែកឈីប 2GB LPDDR4 RAM ចំនួន២ដើមផ្សេងគ្នា។
នេះមានន័យថា វាមានទំហំ RAM ធំជាងមុន ២ដង ប្រៀបធៀបនឹង iPad Pro អេក្រង់ ៩,៧អ៊ីញស៊េរីមុន ខណៈដែល iPad Pro អេក្រង់ ១២,៩អ៊ីញស៊េរីមុន មានប្រវត្តិប្រើប្រាស់ RAM ដល់ 4GB រួចទៅហើយ តែគេមិនបានដឹងថា iPad Pro អេក្រង់ ១២,៩អ៊ីញថ្មីនេះ មាន RAM ធំជាង iPad Pro អេក្រង់ ១០,៥អ៊ីញយ៉ាងណានៅឡើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ iFixit