Vivo ​ដើរ​មុន Apple និង Samsung មួយ​ជំហាន គឺ​ប្រុង​​​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅដៃ (fingerprint sensor) ​នៅ​ក្រោម​អេក្រង់​​ស្មាតហ្វូន​​​ឱ្យ​បាន​មុន​គេ​



​ជា​ច្រើន​ខែ​មក​នេះ មាន​ចចាមអារ៉ាម​អះអាង​ថា Samsung និង Apple ក្រុមហ៊ុន​ទាំង​ពីរ​នឹង​មាន​ការ​ច្នៃប្រឌិត​ថ្មី ដោយ​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅដៃ (fingerprint scanner) ​ក្រោម​អេក្រង់​នៃ​ស្មាតហ្វូន​ស៊េរី​ក្រោយ​របស់​ខ្លួន​ នៅ​ឆ្នាំ២០១៧ នេះ។ ក្រោយ​ពី មិន​បាន​ឃើញ​វត្តមាន​គំនិត​ថ្មី​នេះ បញ្ចូល​នៅ​លើ Galaxy S8 និង S8+ ​សាធារណជន​ចាប់ផ្ដើម រំពឹង​ថា វា​នឹង​មាន​នៅ​លើ Galaxy Note 8 ដែល​ត្រៀម​សម្ពោធ​ចេញ​ផ្លូវការ​អំឡុង​ខែ​កញ្ញា មុន​វត្តមាន iPhone 8 បង្ហាញ​ខ្លួន។ សម្រាប់​ក្រុមហ៊ុន Apple វិញ ក៏​តែង​មាន​ដំណឹង​អំពី iPhone ជំនាន់​ថ្មី​គម្រប់​ខួប​ទី១០ ​ដែល​នឹង​ចេញ​ឆ្នាំ​នេះ អាច​មាន​ឈ្មោះ iPhone 8 ឬ iPhone X ថា នឹង​អាច​ត្រូវ​ក្រុមហ៊ុន ឌីហ្សាញ​រូបរាង​ថ្មី ដោយ​បង្កប់​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​នៅ​ក្រុម​កញ្ចក់​អេក្រង់ iPhone ​ផង​ដែរ។ ​ប៉ុន្តែ​ឥឡូវ​នេះ មាន​របាយការណ៍​ថ្មី​ពី​ប្រភព​ព័ត៌មាន​ចិន​គួរ​ឱ្យ​ទុក​ចិត្ត​ថា ក្រុមហ៊ុន​ទូរស័ព្ទ Vivo ​ត្រៀម​ចាប់​យក​គំនិត ក៏​ដូច​ជា​បច្ចេកវិទ្យា​ថ្មី​នេះ ទៅ​ប្រើ​នៅ​លើ​ស្មាតហ្វូន​ស៊េរី​ក្រោយ​របស់​ខ្លួន។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា Vivo ​បាន​កំពុង​ធ្វើ​ការ​លើ​គំរូ​បឋម (prototype) ​សម្រាប់​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​រួច​រាល់​ហើយ ក្នុង​នោះ​ក៏​មាន fingerprint scanner ​ដូច​ដែល​បាន​លេច​ចេញ​នៅ​ក្នុង​រូប​បែកធ្លាយ​ខាង​ក្រោម។ ​អ្នក​វិភាគ​ចិន​ដ៏​ល្បី​ឈ្មោះ បាន​លើកឡើង​ថា Vivo នឹង​ចេញ​ទូរស័ព្ទ​ថ្មី​ នៅ​ថ្ងៃ​ទី២៨ មិថុនា​ខាង​មុខ ហើយ​ទូរស័ព្ទ នឹង​ត្រូវ​បាន​ឌីហ្សាញ​ទំនើប​ប្លែក ជាមួយ​បច្ចេកទេស​នៃ​ការ​ដោះសោ​ថ្មី។ យ៉ាងណា Apple នៅ​តែ​ត្រូវ​គេ​រំពឹង​ទុក​ថា នឹង​សម្ពោធ​ចេញ iPhone 8 អម​ដោយ​ការ​ឌីហ្សាញ​ថ្មី​ទំនើប បង្កប់​មុខងារ fingerprint នៅ​ក្រោម​កញ្ចក់​អេក្រង់ ហើយ​ Galaxy Note 8 ក៏​ដូច​គ្នា។ Galaxy Note 8 អាច​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​អំឡុង​ខែ​សីហា មុន​វត្តមាន iPhone 8៕   ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s