ទូរស័ព្ទ RAM 8GB ​គឺ OnePlus 5 ​ទីបំផុត​ចេញ​ផ្លូវការ អម​ដោយ​​ឈីប Snapdragon 835 ​សមត្ថភាព​ខ្ពស់​កប់​



​ទីបំផុត​ការ​ទន្ទឹង​រង់ចាំ OnePlus 5 ​បាន​មក​ដល់ ហើយ​លក្ខណៈ​សម្បត្តិ​គឺ​ដូច​ទៅ​នឹង​ចចាមអារ៉ាម​ធ្លាប់​លើកឡើង​ពិត​មែន។ អ្វី​ដែល​ជា​ចំណុច​ចាប់អារម្មណ៍​មុន​គេ គឺ​ថា ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន OnePlus នេះ បំពាក់​អង្គ​ប្រតិបត្តិ Snapdragon 835 ​និង​មាន RAM ដល់​ទៅ 8GB ខ្ពស់​ជាង​ស្មាតហ្វូន​កំពូលៗ​ជាច្រើន​នាពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន OnePlus បាន​ប្រារព្ធ​ព្រឹត្តិការណ៍​សម្ពោធ​ផ្លូវការ​នូវ​កំពូល​ស្មាតហ្វូន​ត្រកូល OnePlus ​ថ្មី​របស់​ខ្លួន អម​ជាមួយ​សមត្ថភាព​ខ្ពស់។ OnePlus 5 ​គាំទ្រ 34-bands ​ដែល​បញ្ជាក់​គោលជំហរ​ថា ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នេះ​ឡើង សម្រាប់​តម្រូវ​ទីផ្សារ​សាកល​តែ​ម្ដង ដោយ​គ្មាន​ចន្លោះ​ឡើយ។ https://youtu.be/5PNdOhj2H3s OnePlus 5 ​គឺ​ជា​ស្មាតហ្វូន​កម្រាស់​ស្ដើង​បំផុត​មួយ​របស់​ក្រុមហ៊ុន ដែល​មាន​កម្រាស់​ត្រឹម ៧,២៥មិល្លីម៉ែត្រ ហើយ​ភ្ជាប់​ដោយ​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ និង​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​បំពេញ​ចិត្ត​អ្នក​និយម​ថត​រូប​កម្សាន្ត​តែម្ដង។ ស្មាតហ្វូន​នេះ មាន​កាមេរ៉ា​ក្រោយ​ចំនួន២ ឬ​ហៅ​ថា កាមេរ៉ា​ភ្លោះ ដែល​មួយ​មាន​ទំហំ 16MP នាទី​សម្រាប់​ជំនួយ​ក្នុង​ការ​ថត​នៅ​ទីងងឹត និង​មួយ​ទៀត​ទំហំ 20MP ​ដើរតួ​ជា telephoto lens និង​មាន​ស្កេន​ក្រយៅដៃ​នៅ​ខាង​មុខ។ សមិទ្ធផល​ថ្មី​របស់ OnePlus ​នេះ ភ្ជាប់​មក​ជាមួយ​អេក្រង់​ទំហំ ៥,៥អ៊ីញ​កម្រិត 1920x1080px ​ហើយ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Snapdragon 835 ​មាន​ជម្រើស RAM និង Memory ពីរ​ផ្សេង​គ្នា គឺ RAM 6GB មាន​មេម៉ូរី​ទំហំ 64GB ឬ RAM 8GB ជា​គូ​នឹង​មេម៉ូរី 128GB។ វា​មាន​កម្លាំង​ថ្ម 3300mAh ​ជាមួយ​មុខងារ Dash Charge ​ដែល​អាច​សាកថ្ម​ចូល​លឿន ប្រើ​ពេល​សាកថ្ម​ត្រឹម​កន្លះ​ម៉ោង​ប៉ុណ្ណោះ គឺ​អាច​ឱ្យ​អ្នក​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ។ OnePlus 5 នឹង​មាន​លក់​លើ​ទីផ្សារ​ជាមួយ​ជម្រើស​ពណ៌​ខ្មៅ Midnight black ​និង​ពណ៌​ប្រផេះ State Grey ​ហើយ​នឹង​មាន​លក់​តាម​អនឡាញ​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា​ខាង​មុខ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ផ្ទាល់៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ OnePlus, GSMArena
X
5s