LG ចេញអេក្រង់ពត់ពែន (flexible) បាន និងថ្លាប្រភេទ transparent OLED ធំជាងគេលើលោកទំហំដល់ ៧៧អ៊ីញ
ក្រុមហ៊ុន LG ថ្មីៗនេះ បានបង្ហាញចេញកញ្ចក់អេក្រង់ទំនើប អាចពត់បាន (flexible) ទំហំធំបំផុតលើលោក ប្រភេទ OLED និងមានលក្ខណៈថ្លាមើលឆ្លុះពីម្ខាងទៅម្ខាង។ អេក្រង់ទំនើបនេះ មានទំហំ ៧៧អ៊ីញ អមដោយកម្រិតបង្ហាញរូប Ultra HD ទំហំ 3820x2160x ហើយថ្លាកម្រិត ៤០% និងមានកាំ (radios) ៨០មិល្លីម៉ែត្រ។
នេះមានន័យថា អេក្រង់អាចឱ្យគេរមូលចូល ទៅជាទម្រង់ស៊ីឡាំងមួយបាន ឬទៅជារាងដូចបំពង់ ដោយមិនប៉ះពាល់ដល់គុណភាពអេក្រង់ឡើយ ដែលវានឹងផ្ដល់សក្ដានុពលសម្រាប់ការប្រើ និងគោលបំណងចែកចាយលើទីផ្សារ។ បច្ចេកវិទ្យាអេក្រង់ពត់ពែនបាន Flexible Display នេះ គឺត្រូវបានបណ្ដាក្រុមហ៊ុនអេឡិចត្រូនិកធំៗមួយចំនួនចាប់អារម្មណ៍ ចង់សាកល្បងអភិវឌ្ឍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវាមិនទាន់ត្រូវផលិតចេញជារូបរាងពិតប្រាកដនៅឡើយ ដោយសារមានបញ្ហាទាក់ទងនឹងការចែកចាយអេឡិចត្រូនិកទៅផ្គត់ផ្គង់អេក្រង់។
LG អាចជាក្រុមហ៊ុនមួយ កំពុងជម្នះ ដោយព្យាយាមផលិតអេក្រង់ទំនើប អាចពត់បាន ជាក់ស្ដែងទើបបញ្ចេញគំរូបឋមនៃអេក្រង់ Flexible ទំហំធំដល់ ៧៧អ៊ីញ ប្រភេទ OLED។ វាមិនមែនជាលើកទីមួយនោះទេ ដែល LG បង្ហាញគំរូអេក្រង់ពត់បាន គ្រាន់តែអេក្រង់ថ្មីនេះ កាន់តែត្រូវបានផលិតឱ្យមានទំហំធំជាងមុន ឬអាចហៅថា ជាអេក្រង់ពត់បាន ធំជាងគេលើលោក សម្រាប់ពេលបច្ចុប្បន្ន។
គួររំលឹកថា កាលពីឆ្នាំ២០១៤ LG ក៏ធ្លាប់បង្ហាញចេញអេក្រង់ពត់បាន OLED រួចមកហើយ
ដែលវាមានទំហំត្រឹម ១៨អ៊ីញ flexible OLED ប៉ុណ្ណោះ ជាមួយកាំត្រឹម ៣០មិល្លីម៉ែត្រ។ លុះរយៈពេល ២ឆ្នាំក្រោយ ក្រុមហ៊ុនកូរ៉េនេះ ក៏បានបន្តផលិតចេញអេក្រង់ថ្លា OLED ទំហំ ៥៥អ៊ីញ ជាមួយកម្រិតថ្លា ៤០%៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot