មេរោគ​កុំព្យូទ័រ​លើ Mac កំពុង​វាយលុក​ខ្លាំង និង​កាន់តែ​​ពង្រីក​ខ្លួន​សម្បើម​​ គឺ​មានដល់​ទៅ 250000 malware គិត​ត្រឹម Q1'2017​



មនុស្ស​ជាច្រើន ជឿ​ថា ប្រព័ន្ធ​ប្រតិបត្តិការ Mac OS ​អាច​ការពារ ពី​ការ​ឆ្លង​មេរោគ malware ​បាន ពោល​គឺ​មាន​សុវត្ថិភាព​ជាង​កុំព្យូទ័រ​ប្រើ Windows។ ជា​ការ​ពិត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន កុំព្យូទ័រ Mac គឺ​អាច​រក្សា​ស្ថិរភាព​ដំណើរការ​ល្អ គ្មាន​មេរោគ​មក​រាតត្បាត​ពិត​មែន ប៉ុន្តែ​វា​ហាក់​មាន​ការ​ផ្លាស់ប្ដូរ​នៅ​អំឡុង​រយៈពេល​ចុងក្រោយ។ បើ​តាម​របាយការណ៍​ថ្មី​នេះ អះអាង​ថា មេរោគ malware ​នៅ​លើ​ម៉ាស៊ីន Mac កំពុង​កញ្ជ្រោល​ឡើង ហើយ​ក៏​កំពុង​កើនឡើង​នៃ​អត្រា​ឆ្លង​ខ្ពស់​លើ​ Mac OS មិន​ដូច​ជា​ពេល​មុន​ទៀត​ទេ។

​តាម​របាយការណ៍ Threat Report ​របស់ McAfee ​នៅ​ខែ​មិថុនា ឆ្នាំ២០១៧ បង្ហាញ​ថា មេរោគ malware ​នៅ​លើ Mac កំពុង​មាន​ការ​កើនឡើង។ គេ​បាន​រក​ឃើញ​មាន​មេរោគ​ថ្មី ប្រមាណ​ដល់​ទៅ ២៥០០០០ នៅ​លើ​កុំព្យូទ័រ Mac ​គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០១៧ ប៉ុណ្ណោះ។ បើ​បើក​សរុប​មេរោគ​ទាំង​អស់​ប្រចាំ​ត្រីមាស​គឺ​មាន​ជាង ៧០០០០០ ឯណោះ។ តាម​ក្រាប​បង្ហាញ​ថា ចំនួន​មេរោគ​វាយ​ប្រហារ Mac ​នៅ​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​គឺ​មាន​ការ​កើនឡើង។ នៅ​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០១៥ មេរោគ malware គឺ​មាន​តិច​ជាង ១០០០០០ តែ​វា​បាន​កើនឡើង​ដល់​ជិត ៥០០០០០ គិត​ត្រឹម​ត្រីមាស​ទី៤ ឆ្នាំ២០១៦។ មូលហេតុ​មួយ​ដែល malware ​នៅ​លើ Mac ​មាន​ការ​កើនឡើង គឺ​ដោយសារ មេរោគ​ប្រភេទ​នេះ គឺ​ពេញ​និយម ត្រូវ​បាន​បង្កើត និង​ពន្លែង​ឱ្យ​រាតត្បាត​ពាសពេញ​កុំព្យូទ័រ មិន​ថា​នៅ​លើ Mac OS ឬ Windows OS នោះ​ឡើយ។ ម្យ៉ាង​ទៀត ក៏​ដោយសារ បច្ចុប្បន្ន គឺ​មិន​ដូច​ជា​អតីត​នោះ​ទេ ដែល​វិស័យ​បច្ចេកវិទ្យា​មាន​ការ​ជឿនលឿន ហើយ​អ្នក​អភិវឌ្ឍ​កម្មវិធី (developer) ក៏​កើត​ច្រើន ទន្ទឹម​ប្រព័ន្ធ​សូហ្វ៊ែរ Mac OS ​ក៏​ពេញ​និយម​ទៀត ដូច្នេះ​ទើប​ការ​កើនឡើង malware ត្រូវ​តែ​ប្រឈម៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Ubergizmo
X
5s