Galaxy Note FE នឹងមានលក់ចាប់ពីថ្ងៃ៧ ខែកក្កដាក្រោយ ជាមួយតម្លៃ $៦២០
ខណៈពេលនេះ ហាក់មានព័ត៌មានលំអិតអំពីថ្ងៃសម្ពោធលក់ Galaxy Note 7 ដែលត្រូវបានជួសជុលឡើងវិញ និងប្រើឈ្មោះថ្មី Galaxy Note FE ហើយ។ តាមសេចក្ដីរាយការណ៍ពីគេហទំព័រ Yonhapnews បានឱ្យដឹងក្ដៅៗមកថា Note FE នេះ នឹងមានលក់លើទីផ្សារប្រទេសកូរ៉េខាងត្បូងជាមុន គឺចាប់ពីថ្ងៃទី៧ ខែកក្កដាក្រោយនេះ។
ប្រភពព័ត៌មានដដែល បានលើកឡើងទៀតថា Galaxy Note FE នឹងមានលក់ក្នុងតម្លៃ ៧០០០០០វ៉ុន ឬប្រហែល ៦២០ដុល្លារបើគិតតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន។ តាមពិត ការបញ្ជាក់តម្លៃខាងលើចំពោះ ស្មាតហ្វូនកូនកាត់ថេប្លេត Note FE គឺ ដូចគ្នាទៅនឹងរបាយការណ៍កន្លងទៅដែរ ពោលគឺមានតម្លៃប្រហាក់ប្រហែលគ្នាខ្ទង់ ៦០០ដុល្លារស្ដើង។
Galaxy Note FE គឺជាជំនាន់ក្រោយ ដែលបានជួសជុលទៅលើម៉ូដែល Galaxy Note 7 ធ្លាប់មានបញ្ហាលើថ្ម។ ដូច្នេះថ្ម នៅលើ Note FE ត្រូវបានជួសជុល ដោយប្រើកម្លាំងថ្មតូចជាង ម៉ូដែលច្បង Note 7 របស់វា។ ម៉ូដែលច្បងនេះ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសប្រមូលចូលរោងចក្រវិញ និងលុបចោលចង្វាក់ផលិតកម្ម បន្ទាប់ពីកើតករណី Note 7 ឆេះផ្ទុះ និងបានរកឃើញមូលហេតុគឺដោយសារថ្មទូរស័ព្ទ។
ចំណែក Note FE ត្រូវបានក្រុមហ៊ុនយកចិត្តទុកដាក់ផលិត និងបានឆ្លងកាត់ការធ្វើតេស្ត ដើម្បីប្រាកដសុវត្ថិភាពជូនអ្នកប្រើប្រាស់។ ស្មាតហ្វូនកូនកាត់ថេប្លេត អាចនិយាយបានថា ជាផេប្លេតទើបជារបួស និងកែមុខមាត់ថ្មីដោយប្រើឈ្មោះ Note FE នេះ នឹងមានលក់លើទីផ្សារកូរ៉េជាមុនសិន ទើបមានលក់នៅតាមបណ្ដាប្រទេសផ្សេងៗជាបន្ត តែប្រហែលមិនត្រូវនាំយកទៅចែកចាយនៅទីផ្សារអាមេរិក និងអឺរ៉ុបនោះទេ។
ខណៈពេលថ្មីៗ នេះ ក៏មានដំណឹងជុំវិញ Galaxy Note 8 ដែលជាត្រកូល Note ជំនាន់ថ្មីរបស់ Samsung ផងដែរ។ វាអាចត្រូវក្រុមហ៊ុន សម្ពោធចេញក្នុងពេលណាមួយ នៅខែសីហា ឬអាចមានលក់នៅអំឡុងខែកញ្ញាខាងមុខ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Yonhapnews, TAS