​Volvo ​កំពុង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ NVIDIA ​លើ​គម្រោង​ផលិត​​រថយន្តបើកបរ​​ស្វ័យប្រវត្តិ Self Driving Car​



តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Volvo ផ្ទាល់ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ស៊ុយអែត​នេះ បាន​កំពុង​ធ្វើការ​លើ​គម្រោង​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ រយៈពេល​កន្លង​មក ហើយ​ពេល​នេះ ក្រុមហ៊ុន​បាន​ប្រកាស​អំពី ការ​សហការ​ថ្មី​ជាមួយ​ក្រុមហ៊ុន NVIDIA ដើម្បី​ជំរុញ​អភិវឌ្ឍ​គម្រោង self driving car កាន់​តែ​រលូន​ទៅ​មុខ។

ក្រុមហ៊ុន Volv ពេល​នេះ កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ Atoliv និង NVIDIA ក្នុង​ការ​អភិវឌ្ឍ hardware និង software ​ដើម្បី​បំពាក់​នៅ​លើ​រថយន្ត ឱ្យ​មាន​សមត្ថភាព​ពិសេស បើកបរ​ដោយ​ស្វ័យប្រវត្តិ​បាន។ ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​របស់ Volvo លោក Hakan Samuelsson ​បាន​លើកឡើង​ថា៖ “ការ​សហការ​គ្នា​ជាមួយ NVIDIA នេះ នឹង​ធ្វើ​ឱ្យ Volvo Cars, Autoliv និង Zenuity ​មាន​សន្ទុះ​អភិវឌ្ឍ​រហ័ស ក្នុង​ការ​ផលិត​ចេញ​រថយន្ត​ស្វ័យប្រវត្តិ​ជំនាន់​ថ្មីៗ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ”

រីឯ​លោក Jensen Huang ​នាយក​ប្រតិបត្តិ​របស់ NVIDIA វិញ បាន​មាន​ប្រសាសន៍​ដែរ​ថា៖ “ប្រាជ្ញា​សិប្បនិម្មិត AI ​គឺ​ជា​កូន​សោ​សំខាន់ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​បាន ជាមួយ​ភាព​មិន​គួរ​ឱ្យ​ជឿ​នៃ​ការ​បង្កើត​ចេញ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ។ យើង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Volvo Cars ដើម្បី​បង្កើត​រថយន្ត ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​សាធារណជន ធ្វើ​ឱ្យ​ទីក្រុង​ពោរពេញ​ដោយ​បម្រើបម្រាស់​ថាមពល​បៃតង​ ក៏​ដូច​ជា​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរ​តាមដង​ផ្លូវ​បាន​ថែមទៀត”។ Volvo អាច​នឹង​បង្ហាញ​ចេញ​រថយន្ត​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​របស់​ខ្លួន នៅ​ឆ្នាំ២០២១ ខាង​មុខ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Volvo
X
5s