ក្រុមហ៊ុន Qualcomm ចង់បិទមិនឱ្យ Apple នាំចូលទូរស័ព្ទ iPhone ទៅលក់នៅទឹកដីអាមេរិកទេ !
Qualcomm និង Apple កំពុងស្ថិតនៅក្នុងជម្លោះ ពាក់ព័ន្ធការបង់តម្លៃសិទ្ធិ (royalties) ហើយពេលនេះក្រុមហ៊ុន Qualcomm កំពុងព្យាយាមបំបិទការនាំចូលលក់ ទូរស័ព្ទ iPhone របស់ Apple នៅទីផ្សារអាមេរិក។
ក្រុមហ៊ុនទាំងពីរនេះ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការសហព័ន្ធពាណិជ្ជកម្មប្រចាំនៅសហរដ្ឋអាមេរិក ដោយបានអះអាងថាទូរស័ព្ទ iPhone បានរំលោភលើប៉ាតង់សំខាន់ដល់ទៅ ៦ប៉ាតង់ដែលជារបស់ Qualcomm កំពុងកាន់កាប់។
ការបង្កើតទាំងឡាយរបស់ Qualcomm គឺជាបេះដូងនៃរាល់ទូរស័ព្ទ iPhone ហើយក៏បន្តអភិវឌ្ឍដល់បច្ចេកវិទ្យាម៉ូឌឹម (modem) ឬស្តង់ដារ Cellular។ នេះបើតាមការបញ្ជាក់ពីលោក Don Rosenberg អនុប្រធាន និងជាមេធាវីរបស់ Qualcomm។ ប៉ាតង់ដែលពាក់ព័ន្ធក្នុងជម្លោះ ជាបច្ចេកវិទ្យាសំខាន់ចំនួន៦ ដែលសុទ្ធសឹងជាកូនសោនៃមុខងារដ៏សំខាន់នៅលើ iPhone។ Apple បន្តប្រើបច្ចេកវិទ្យារបស់ Qualcomm ខណៈខ្លួន បដិសេធមិនបង់ប្រាក់ទៅឱ្យ Qualcomm។ ដោយសារបែបនេះ ទើបបណ្ដឹងនេះ ត្រូវបានដាក់ចេញ និងស្នើឱ្យបញ្ឈប់ការរំលោភប្រើប្រាស់ប៉ាតង់បច្ចេកវិទ្យាចំនួន៦ របស់ Qualcomm ទៅលើផលិតផល Apple។
ប៉ាតង់ទាំង៦ រួមមាន៖ U.S. Patent No. 8,633,936, U.S. Patent No. 8,698,558, U.S. Patent No. 8,487,658, U.S. Patent No. 8,838,949, U.S. Patent No. 9,535,490 និង U.S. Patent No. 9,608,675 ដែលជួយដល់ស្មាតហ្វូនឱ្យកាន់ថ្មបានយូរជាងមុន។ យ៉ាងណា ពេលនេះ មិនទាន់មានការឆ្លើយតបពីភាគី Apple ទៅលើការត្អូញត្អែររបស់ Qualcomm ទៅគណៈកម្មការសហព័ន្ធពាណិជ្ជកម្មប្រចាំអាមេរិកនៅឡើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Qualcomm