ព្រឹត្តិការណ៍ដ៏មហស្ចារ្យ Audi Summit បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ បង្ហាញរថយន្តថ្មី និងបច្ចេកវិទ្យាផ្លាស់ប្ដូរពិភពលោកសម្បូរបែប
ព្រឹត្តិការណ៍ដ៏មហស្ចារ្យ Audi Summit បានប្រព្រឹត្តទៅដោយជោគជ័យនៅមជ្ឈមណ្ឌល Fira លើផ្ទៃដីទំហំជាង ១ម៉ឺនម៉ែត្រការ៉េ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ កម្មវិធីនេះ គឺប្រព្រឹត្តទៅចាប់ពីម៉ោង ៩:៣០នាទីព្រឹក រហូតដល់ម៉ោង ១១យប់ (ម៉ោងនៅប្រទេសអេស្ប៉ាញ)។ ក្នុងកម្មវិធីនេះ មានភ្ញៀវកិត្តិយសប្រមាណជាង ២០០០នាក់មកពីជុំវិញពិភពលោកចូលរួម ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ Audi បានបង្ហាញនូវបច្ចេកវិទ្យាចូលរួមផ្លាស់ប្ដូរពិភពលោកថ្មីៗជាច្រើន រួមនឹងរថយន្តថ្មីសន្លាង Audi A8 ជំនាន់ទី៤។
កិច្ចជួបជុំកំពូល Audi Summit ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដំបូង ដែលបានបង្ហាញពីដំណោះស្រាយឈានមុខគេលើអនាគតនៃបំឡាស់ប្ដូរនៅក្នុងទីក្រុង (urban mobility) ដោយគិតពីសេវាកម្មលំដាប់ខ្ពស់នៃបំឡាស់ប្ដូរ រហូតដល់បច្ចេកវិទ្យាគំរូនៃការបើកបរ និងចតយានយន្ត។ អ្វីដែលជាចំណុចលេចធ្លោជាងគេបំផុតនោះ គឺការដាក់បង្ហាញរថយន្ត Audi A8 ជំនាន់ចុងក្រោយ និងបច្ចេកវិទ្យាថ្មីៗដែលក្រុមហ៊ុនទើបសម្រេចបានជាច្រើនទៀត។
ភ្ញៀវកិត្តិយសទាំងអស់ ទទួលបានបទពិសោធន៍នៃសេវាកម្មថ្មីៗរបស់ក្រុមហ៊ុនអំពីបច្ចេកវិទ្យាបំឡាស់ទីផ្សារភ្ជាប់នឹងឌីជីថល និងប្រកបដោយចិរភាពសម្រាប់ទីក្រុងឆ្លាតវៃ (smart city) នាពេលអនាគត។ ប្រធានបទសំខាន់ៗនៃការបង្ហាញថ្ងៃនេះមានពាក់ព័ន្ធនឹង ការផលិតប្រកបដោយចិរភាព ការស្ថាបនាដោយមានទម្ងន់ស្រាល ការតភ្ជាប់ និងបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង និងមានសេវាកម្មជាឌីជីថលជាច្រើនទៀត។
ការតាំងបង្ហាញត្រូវបានបែងចែកជាកម្មវិធីធំៗ ២ក្នុងព្រឹត្តិការណ៍ដដែលនេះ គឺ ការតាំងបង្ហាញរថយន្តបច្ចេកវិទ្យាថ្មី៧០គ្រឿង រយៈពេលមួយម៉ោងនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងកម្មវិធីមួយទៀតគឺការដាក់តាំងបង្ហាញរថយន្តបច្ចេកវិទ្យាចុងក្រោយ Audi A8។ ក្រុមហ៊ុន Audi AG បានបង្ហាញបច្ចេកវិទ្យាថ្មី Audi AI ដែលនឹងធ្វើឱ្យអ្នកបើកបរកាន់តែងាយស្រួលដោយមានជំនួយពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (artificial intelligence) នាពេលអនាគត។
ក្រុមហ៊ុន Audi AG មានគោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យា Vorsprung ឱ្យកាន់តែទំនើបនិងពិសេសថែមទៀត។ ដោយស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលបំពាក់លើរថយន្ត Audi បាននិងកំពុងដាក់ដំណើរការបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើតដំណោះស្រាយប្រកបដោយចិរភាពសម្រាប់បំឡាស់ទីនៅក្នុងទីក្រុង។ BizKhmer បានផ្ដិតយកទិដ្ឋភាពជាច្រើនអំពីការបង្ហាញនូវដំណោះស្រាយរាប់តាំងពីផលិតផលកម្ម ស្ដុក ការលក់ និងការធ្វើទីផ្សារទៀតផង។
ទៅអនាគត ការដំឡើងរថយន្តរបស់ក្រុមហ៊ុន គឺប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិមានដូចជាមនុស្សយន្ត និងម៉ាស៊ីនស្វ័យប្រវត្តិជាដើម។ ចំណុចនេះគឺក្រុមហ៊ុនមានគោលដៅបង្កើតចង្វាក់ផលិតកម្មរបស់ខ្លួនឱ្យអាចដំណើរការបានដោយគ្មានខ្សែចង្វាក់ដំឡើង (assembly lines) ពោលគឺការប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិដើម្បីកាត់បន្ថយប្រើកម្លាំងពលកម្មមនុស្ស ហើយចំណេញពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។
អត្ថបទលម្អិតជុំវិញលក្ខណៈពិសេសរបស់ Audi A8 ជំនាន់ចុងក្រោយ និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត នឹងចេញផ្សាយជូនលោកអ្នកនាពេលក្រោយ។ សូមកុំភ្លេចតាមដានជាមួយ BizKhmer៕