Update ថ្មី ៖ Note 8 រឹតតែច្បាស់ នឹងត្រូវរើទ្រនាប់ស្កេនក្រយៅដៃ (fingerprint) ទៅនៅខាងក្រោយ ហើយមាន dual-camera ថែមទៀត
រយៈពេលប៉ុន្មានខែចុងក្រោយនេះ ព័ត៌មានអំពី iPhone 8 របស់ Apple និង Galaxy Note 8 របស់ Samsung ពិតជាទទួលបានការចាប់អារម្មណ៍ ទៅលើមុខងារថ្មីៗ និងរចនាបថថ្មី ទោះបីមិនទាន់ត្រូវសម្ពោធផ្លូវការក៏ដោយ។ Note 8 អាចនឹងត្រូវផលិតយកលំនាំតាម Galaxy S8 ដែលត្រូវផ្លាស់ប្ដូរទីតាំងទ្រនាប់ស្កេនម្រាមដៃទៅខ្នងទូរស័ព្ទវិញ។ នេះបើតាមការអះអាងពីគណនីបណ្ដាញសង្គម twitter ឈ្មោះ Evan Blass។
ចំណែកការអះអាងថ្មីចុងក្រោយនេះ គឺហាក់ធ្វើឡើងដោយប្រយោល ពីនាយកប្រតិបត្តិក្រុមហ៊ុនឯកទេសផលិតស្រោមទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក Slickwraps លោក Jonathan Endicott ដែលលោកបាន បង្ហោះរូប CAD អះអាងជា ស្រោម Galaxy Note 8 ដែលមានប្រឡោះក្រោយ អាចឱ្យគេដាក់ម្រាមដៃស្កេនជាមួយមុខងារ Fingerprint បាន។
មិនមែនមានតែ Slickwraps ទើបបង្ហើបស្រោម Note 8 ដែលមានកន្លែងសម្រាប់ដាក់ម្រាមដៃស្កេននៅផ្នែកក្រោយប៉ុណ្ណោះទេ កាលពីសប្ដាហ៍មុន ហាងលក់រាយគ្រឿងបន្សំ Olixer ក៏បានចុះផ្សាយស្រោម Galaxy Note 8 ផងដែរ និងត្រូវបានគេហទំព័រ Forbes យកទៅចុះផ្សាយទៀតផង។ តាមរយៈ ស្រោមទូរស័ព្ទ Note 8 ទាំងនេះ គឺអាចឱ្យគេសន្និដ្ឋានកាន់តែច្បាស់ថា ស្មាតហ្វូនកូនកាត់ថេប្លេតថ្មីនេះ ពិតជាមាន Fingerprint នៅខាងក្រោយ ហើយក៏ឃើញភ្ជាប់ជាមួយកាមេរ៉ាពីរគ្រាប់រៀបទន្ទឹមគ្នាផងដែរ។
https://youtu.be/zAp7nhUUOJE
ខណៈ Apple និង Samsung ហាក់កំពុងខិតខំសិក្សា ត្រៀមប្រើប្រាស់អេក្រង់ដែលអាចបង្កប់ fingerprint sensor ពីក្រោមបាននោះ ចំណែកឯក្រុមហ៊ុន Qualcomm ហាក់បោះជំហានជើងទៅមុនបន្តិចហើយ ដោយទើបបង្អួតចេញប្រព័ន្ធថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC ទីក្រុងសៀងហៃកាលពីខែមុន។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីនោះ គឺអាចជួយក្រុមហ៊ុនទូរស័ព្ទចិន Vivo ធ្វើការបង្កប់បន្ទះស្កេនក្រយៅដៃពីក្រោមកញ្ចក់អេក្រង់ទូរស័ព្ទជំនាន់ក្រោយៗបាន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot